រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មឯកឧត្ដម ប៉ាវ ហម ផាន បានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាទូទាំងប្រទេស ត្រូវចុះពិនិត្យមើលការផ្ដល់សេវាអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលលើការស្នើសុំសេវាអត្តសញ្ញាណកម្មទាំងអស់ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងការផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ ស្របតាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ។
ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះឯកឧត្ដមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ការជំរុញការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានពង្រីកទៅគ្រប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រដ្ឋបាលរាជធានី ខេត្ត តាមផែនការដែលគ្រោងទុកដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័សប។ ដូច្នេះឯកឧត្ដម ស្នើសុំឱ្យរដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រៀមបេក្ខភាពជាគ្រូបង្គោលរបស់ខ្លួន ដើម្បីទទួលយកការបណ្តុះបណ្តាល និងភាពជាម្ចាស់ទៅលើការងារសម្រាប់ដាក់ដំណើរការ ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាននាពេលខាងមុខនេះ។
ឯកឧត្ដម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានតម្កល់ឆន្ទៈផ្នែកនយោបាយយ៉ាងរឹងមាំក្នុងការបន្តជំរុញ និងពង្រឹងការអនុវត្តកំណែទម្រង់ការងារអត្តសញ្ញាណកម្មនេះ ពោលគឺទាំងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការកសាង និងការការពារមាតុភូមិ (២០២៣-២០២៨) និងទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានផ្តល់អាទិភាពលើការបន្តជំរុញ និងពង្រឹងការអនុវត្តផែនការយុទ្ធសាស្តជាតិស្ដីពីអត្តសញ្ញាណកម្ម។ ក្នុងនោះមាន(១) ការបង្កើតឱ្យមានមជ្ឈមណ្ឌលជាតិគ្រប់គ្រង អត្តសញ្ញាណប្រជាជន (២) ការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអនឡាញពីថ្នាក់មូល ដ្ឋានឃុំ សង្កាត់ និង (៣) ការរៀបចំដាក់ឱ្យប្រើប្រាស់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) ដែលជាលេខកូដសម្គាល់ខ្លួនសម្រាប់បុគ្គលគ្រប់រូបប្រើប្រាស់ពេញមួយជីវិត គឺជាកិច្ច ការអាទិភាព ដែលត្រួសត្រាយផ្លូវ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ឱ្យកាន់តែងាយស្រួល និងកាន់តែឆាប់រហ័ស ប្រកបដោយសុក្រឹតភាពខ្ពស់។
សូមជម្រាបថា ក្នុងក្របខណ្ឌនៃកំណែទម្រង់ការងារអត្តសញ្ញាណកម្មសម្រាប់រយៈពេលវែង រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំ (២០១៧-២០២៦) ដើម្បីពង្រឹងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងប្រព័ន្ធគ្រប់គ្រងអត្ត សញ្ញាណកម្មជាតិ សំដៅសម្រេចឱ្យបានគោលដៅ “បុគ្គលគ្រប់រូបត្រូវបានចុះបញ្ជី” និង “មនុស្ស ម្នាក់អត្តសញ្ញាណតែមួយ”៕











