ផ្សារភាគហ៊ុនអាស៊ីបានងើបឡើងវិញនៅថ្ងៃព្រហស្បតិ៍ ២២ មករានេះ ហើយផ្សារភាគហ៊ុន Wall Street របស់សហរដ្ឋអាមេរិក ក៏ហក់ឡើងដែរ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានដកការគំរាមរបស់លោកក្នុងការដាក់ពន្ធថ្មីលើប្រទេសនៅអឺរ៉ុប។

ទីផ្សារមានភាពប្រែប្រួលខ្លាំងនៅសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកបាននិយាយនៅចុងសប្តាហ៍ថា លោកនឹងវាយប្រហារដោយការដាក់ពន្ធលើប្រទេសជាច្រើន រួមទាំងអាល្លឺម៉ង់ បារាំង អង់គ្លេស និងដាណឺម៉ាក ចាប់ពីថ្ងៃទី១កុម្ភៈ ចំពោះការជំទាស់របស់ពួកគេប្រឆាំងនឹងការដណ្តើមយកកោះ Greenland មកគ្រប់គ្រង។

ប៉ុន្តែបណ្ដាធុរកិច្ចជនបានធូរស្រាលអារម្មណ៍កាលពីថ្ងៃពុធ២១មករាសប្ដាហ៍នេះ នៅពេលប្រធានាធិបតីអាមេរិកបានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ថា លោកនឹងមិនយកដែនដីស្វយ័តរបស់ដាណឺម៉ាកមួយនេះដោយកម្លាំងនោះទេ ហើយក្រោយមកបាននិយាយថា លោកបានដកការគំរាមកំហែងពន្ធរបស់លោកចេញវិញហើយ។
នៅយប់ជ្រៅឈានចូលថ្ងៃព្រហស្បតិ៍នេះភាគហ៊ុន S&P 500 បានបង្ហាញការកើនឡើងភាគរយរយៈពេលមួយថ្ងៃដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលពីរខែ ដោយកើនឡើង១,១៦%។
សន្ទស្សន៍ភាគហ៊ុនឧស្សាហកម្ម Dow Jones និង Nasdaq Composite ក៏បានកើនឡើងផងដែរ ដោយលោតឡើងច្រើនបំផុតគិតជាភាគរយចាប់តាំងពីថ្ងៃទី ៥ ខែមករា និងថ្ងៃទី១៩ ខែធ្នូជាប់ៗគ្នា។ ផ្សារភាគហ៊ុន Dow បានកើនឡើង១,២១% ខណៈ Nasdaq បានហក់ឡើង ១,១៨ %។
ការអត្ថាធិប្បាយរបស់លោក Trump បានបន្ធូរបន្ថយភាពប្រែប្រួលនៃទីផ្សារ ដោយទីផ្សារភាគហ៊ុន សេអ៊ូល តូក្យូ ហុងកុង សៀងហៃ តៃប៉ិ និងសិង្ហបុរី សុទ្ធតែឡើងថ្លៃនៅក្នុងការជួញដូរពេលព្រឹក៕

