ឧស្សាហកម្មកញ្ឆារបស់ថៃ ត្រូវបានគេរំពឹងថា នឹងជួយឲ្យសេដ្ឋកិច្ចងើបឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ ប៉ុន្តែផ្ទុយទៅវិញ សារធាតុនេះបានបង្កឲ្យមានប្រតិតកម្មមិនពេញចិត្តខ្លាំងឡើងៗ នៅក្នុងស្រុក ដោយធ្វើឲ្យមានលទ្ធភាពដែលការប្រើប្រាស់រុក្ខជាតិនេះ អាចក្លាយជាអំពើខុសច្បាប់ម្តងទៀត បន្ទាប់ពីបញ្ចប់ការបោះឆ្នោតរបស់ប្រទេសនេះ ក្នុងខែកុម្ភៈ។
ថៃបានក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី ដែលធ្វើឲ្យការប្រើប្រាស់កញ្ឆាស្របច្បាប់នៅឆ្នាំ២០២២។ ចំណាត់ការនេះ ត្រូវបានគាំទ្រយ៉ាងទូលំទូលាយ ដោយមនុស្សបានប្រាប់ថា ប្រទេសនេះ នឹងលេចឡើងក្នុងនាមជាមជ្ឈមណ្ឌល ក្នុងតំបន់ សម្រាប់រុក្ខជាតិកញ្ឆាវេជ្ជសាស្ត្រ ដែលនឹងពង្រីកវិស័យទេសចរណ៍សុខភាព និងបង្កើតបាននូវដំណាំថ្មីផ្ដល់ប្រាក់ចំណូល សម្រាប់កសិករ។ ប៉ុន្តែក្នុងរង្វង់ប៉ុន្មានខែ វាគឺច្បាស់ណាស់ថា គោលនយោបាយនេះបានបង្កឲ្យមានការកើនឡើងនូវការប្រើប្រាស់បែបកម្សាន្ត ដែលរីករាលដាលរហូតដល់ក្រុមកុមារ។ ហាងរាប់ពាន់ដែលលក់កញ្ឆាមូរ (ដូចបារីមូរ) និងស្ករកញ្ឆា បានកើតឡើងព្រោងព្រាតរីកដូចផ្សិតពាសពេញប្រទេស ហើយក្លិនកញ្ឆា នៅតាមដងផ្លូវ ក្នុងទីក្រុង បានជះក្លិនគ្រប់ទីកន្លែង ដូចសាច់ជ្រូកអាំង។

ការសិក្សាក៏បានបង្ហាញផងដែរពីការកើនឡើងនូវការប្រើប្រាស់កម្សាន្ត ក្នុងចំណោមសិស្សសាលា ដែលជាចំណុចសំខាន់មួយនៃការទាស់ទែងគ្នា ក្នុងចំណោមប្រជាជនថៃភាគច្រើន។ គ្រូពេទ្យបានព្រមានអំពីការកើនឡើងនូវការចូលមន្ទីរពេទ្យ ក្រុមទេសចរណ៍មានក្ដីបារម្ភពីការបាត់បង់ភ្ញៀវទេសចរដែលចំណាយខ្ពស់ ហើយរដ្ឋាភិបាលបរទេស បានត្អូញត្អែរ អំពីការកើនឡើងនូវការរត់ពន្ធគ្រឿងញៀន។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថា អ្នកដែលនៅស្ងៀមស្ងាត់ អំពីបញ្ហានេះ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត គឺបុគ្គលដែលបាននាំឲ្យមានការលុបចោលបទល្មើសព្រហ្មទណ្ឌ សម្រាប់ការប្រើប្រាស់កញ្ឆា គឺលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul។ ដោយធ្លាប់ត្រូវបានសរសើរថា ជា «ស្តេចកញ្ឆា» លោកបានល្បីល្បាញខាងនយោបាយ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៩ ដោយសារការតស៊ូមតិគាំទ្រការប្រើប្រាស់សារធាតុនេះ៕


