មន្ត្រីបានប្រាប់ឲ្យដឹងថា ប្រតិភូគណបក្សកុម្មុយនីស្តវៀតណាម ចាប់ផ្តើមបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែមករា ឆ្នាំ២០២៦) នេះ ជាដំណើរការមួយដែលនឹងបញ្ចប់ដោយការជ្រើសរើសអគ្គលេខាធិការរបស់ខ្លួន ខណៈដែលគណបក្សបានកាត់បន្ថយរយៈពេលសមាជ ពោលគឺលឿនជាងការគ្រោងទុក ដែលជាសញ្ញានៃការឯកភាពគ្នាយ៉ាងទូលំទូលាយ ក្នុងការតែងតាំងមេដឹកនាំបច្ចុប្បន្ន លោក To Lam ឡើងវិញ។
សមាជរបស់គណបក្សកំពុងកាន់អំណាច ដែលប្រារព្ធឡើងរៀងរាល់ប្រាំឆ្នាំម្តង ដើម្បីជ្រើសរើសមេដឹកនាំ និងកំណត់អាទិភាពនយោបាយ និងសេដ្ឋកិច្ច ដំបូងឡើយត្រូវបានគ្រោងនឹងបន្តមានរហូតដល់ថ្ងៃទី២៥ ខែមករា។ តែរដ្ឋាភិបាល បានឲ្យដឹងនៅវេបសាយព័ត៌មានរបស់ខ្លួនថា ប្រតិភូបានបោះឆ្នោតកាលពីថ្ងៃទី២១ ខែមករា ដើម្បីបញ្ចប់កិច្ចប្រជុំឲ្យបានឆាប់នៅថ្ងៃទី២៣ ខែមករា។

មិនមានការពន្យល់ជាផ្លូវការណាមួយ ត្រូវបានផ្តល់ជូននោះទេ ប៉ុន្តែការកត់បន្ថយកាលវិភាគនេះ ទំនងជាបង្ហាញថា មិនមានការបែកបាក់ណាមួយកើតឡើងនៅក្នុងគណបក្ស ពាក់ព័ន្ធនឹងតំណែងអ្នកដឹកនាំ និងការទទួលបានការតែងតាំងឡើងវិញយ៉ាងរលូន សម្រាប់លោក Lam ដែលកំពុងស្វែងរកការបន្តអាណត្តិរបស់លោក ក្នុងនាមជាអគ្គលេខាធិការ ដែលជាតំណែងដ៏មានឥទ្ធិពលបំផុតរបស់វៀតណាម។
សមាជមួយចំនួន កាលពីអតីតកាល តម្រូវឲ្យមានការជជែកវែកញែកយូរជាងនេះ ដើម្បីសម្រេចតំណែងអ្នកដឹកនាំ ដែលតម្រូវឲ្យមានកាលវិភាគដំបូងរយៈពេលមួយសប្តាហ៍ សម្រាប់សមាជឆ្នាំ២០២៦ នេះ។ មិនទាន់មានកាលវិភាគណាមួយត្រូវបានផ្តល់ឲ្យ សម្រាប់ដំណើរការបោះឆ្នោតចុងក្រោយនៅឡើយទេ។ តែមន្ត្រីបានប្រាប់ឲ្យដឹងថា វាអាចកើតឡើងនៅថ្ងៃទី២២ ខែមករានេះ៕
