ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងឃើដ នៅភាគខាងជើងស៊ីរី ត្រូវតែដាក់អាវុធចុះ ហើយរំសាយឥឡូវនេះ ដើម្បីជៀសវាងការបង្ហូរឈាមបន្ថែមទៀត បន្ទាប់ពីទីក្រុងដាម៉ាស បានឈានដល់បទឈប់បាញ់ជាមួយក្រុមនេះ ហើយបានផ្តល់ពេល ៤ថ្ងៃ ដល់ពួកគេ ដើម្បីយល់ព្រមលើការរួមបញ្ចូលទៅក្នុងរដ្ឋកណ្តាល។
កងកម្លាំងរដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយទួរគី បានដណ្តើមយកទឹកដីភាគច្រើនពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយជនជាតិឃើដ នៅភាគឦសានប្រទេសស៊ីរី ក្នុងសប្តាហ៍នេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Ahmed Al-Sharaa ក្នុងការនាំប្រទេសទាំងមូលមកស្ថិតនៅក្រោមអំណាចរដ្ឋាភិបាលកណ្តាល។

សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសំខាន់របស់ SDF បាននិយាយថា ភាពជាដៃគូរបស់ខ្លួន ជាមួយក្រុមនេះ បានផ្លាស់ប្តូរជាបន្តបន្ទាប់ ចាប់តាំងពីការលេចចេញនូវរដ្ឋាភិបាលថ្មីនៅទីក្រុងដាម៉ាស ហើយបានជំរុញឲ្យយុទ្ធជនឃើដធ្វើសមាហរណកម្ម ទៅក្នុងរចនាសម្ពន្ធរដ្ឋរបស់ប្រទេសស៊ីរី។
ប្រទេសទួរគី ចាត់ទុក SDF ជាអង្គការភេរវកម្ម ដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធនៃគណបក្សកម្មករឃើដ (PKK) ដែលត្រូវបានហាមឃាត់។ ខ្លួនបានចូលរួមក្នុងដំណើរការសន្តិភាពជាមួយគណបក្ស PKK អស់រយៈពេលជាច្រើនខែមកហើយ ហើយនិយាយថា ក្រុមនេះ និងក្រុមដែលខ្លួនបានពង្រីកខ្លួន ត្រូវតែរំសាយ និងដកហូតអាវុធ៕
