សម្ព័ន្ធយោធា ដើម្បីគាំទ្រភាពស្របច្បាប់នៅប្រទេសយេម៉ែនកាលពីថ្ងៃពុធ បានថ្កោលទោសចំពោះការវាយប្រហារមួយ ដែលបានកំណត់គោលដៅលើក្បួនរថយន្តរបស់មេបញ្ជាការជាន់ខ្ពស់ម្នាក់។
ការវាយប្រហារនៅក្នុងតំបន់ Jaoula នៃខេត្ត Lahj បានកំណត់គោលដៅលើក្បួនរថយន្ត ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី Hamdi Shukri ដែលជាប្រធានកងពលទី២ នៃកងកម្លាំង Giants។
អ្នកនាំពាក្យសម្ព័ន្ធយោធា លោកឧត្តមសេនីយ៍ឯក Turki Al-Maliki បាននិយាយថា មានអ្នកស្លាប់ និងរងរបួសជាច្រើន និងបានហៅការពួនស្ទាក់វាយប្រហារនេះថា «ជាទង្វើឧក្រិដ្ឋដែលផ្ទុយនឹងតម្លៃមនុស្ស និងសីលធម៌ទាំងស្រុង»។

លោកបាននិយាយថា សម្ព័ន្ធយោធា ដែលរួមមានប្រទេសអារ៉ាប៊ីសាអ៊ូឌីតផងនោះ នឹងបន្តសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាសន្តិសុខរបស់ប្រជាពលរដ្ឋ និងរក្សាស្ថិរភាព។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត។
លោកបានអំពាវនាវឲ្យប្រជាជនធ្វើការជាមួយរដ្ឋាភិបាលយេម៉ែន និងអាជ្ញាធរយោធា ដើម្បីប្រយុទ្ធប្រឆាំង នឹងការប៉ុនប៉ងបំផ្លាញ ឬប្រតិបត្តិការភេរវកម្មណាមួយ ដែលកំណត់គោលដៅលើសន្តិសុខ និងស្ថិរភាពនៃខេត្តដែលបានរំដោះទាំងនេះ។
លោក Al-Maliki ក៏បាននិយាយផងដែរថា សម្ព័ន្ធយោធានេះ ប្តេជ្ញាគាំទ្រកិច្ចខិតខំប្រឹងប្រែងសន្តិសុខ របស់ប្រទេសយេម៉ែន និងតាមស្វែងរកចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនឹងការវាយប្រហារនេះ និងនាំពួកគេឡើងតុលាការ៕
