ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដាក់ឲ្យដំណើរការ “ក្រុមប្រឹក្សាសន្តិភាព” គឺជាអង្គភាពមួយសម្រាប់ដោះស្រាយជម្លោះអន្តរជាតិជាមួយនឹងស្លាកតម្លៃ ១ពាន់លានដុល្លារ សម្រាប់សមាជិកភាពអចិន្រ្តៃយ៍ ។ លោកបានចុះហត្ថលេខានៅទីក្រុង Davos របស់ប្រទេសស្វីស ។
ដំបូងឡើយ ក្រុមប្រឹក្សានេះ ត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យការកសាងឡើងវិញតំបន់ហ្កាហ្សា ប៉ុន្តែសេចក្តីស្នើច្បាប់នៃធម្មនុញ្ញ ពុំកំណត់តួនាទីរបស់វាចំពោះដែនដីប៉ាឡេស្ទីននោះឡើយ ។
មន្រ្តីជាន់ខ្ពស់មួយរូបរបស់សេតវិមាន និយាយកាលពីថ្ងៃពុធថា មកទល់នឹងពេលនេះក្រុមមេដឹកនាំពិភពលោកប្រហែល ៣៥នាក់ នៅក្នុងចំណោមក្រុមមេដឹកនាំ ៥០នាក់ ឬលិខិតអញ្ជើញដែលត្រូវបានផ្ញើរជូន បានចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពមួយនេះ ។
ប្រទេសដែលបានចូលរួមក្រុមប្រឹក្សាសន្តិភាពនេះ រួមមានទាំងសម្ព័ន្ធមិត្តនៅតំបន់មជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក ដូចជាប្រទេសអ៊ីស្រាអែល អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម បារ៉ែន ហ៊្សកដានី កាតា និងអេហ្ស៊ីប ។
ដោយឡែក រដ្ឋជាសមាជិកអង្គការណាតូ ប្រទេសទួរគី និងហុងគ្រី ដែលមេដឹកនាំជាតិនិយមរបស់ពួកគេបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនល្អប្រសើរជាមួយលោក Trumpនោះ បានយល់ព្រមចូលរួមផងដែរ ក៏ដូចជាប្រទេសម៉ារ៉ុក ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កូសូវ៉ូ អ៊ូសបេកគីស្ថាន កាហ្សាក់ស្ថាន ប៉ារ៉ាហ្គាយ និងប្រទេសវៀតណាម ៕
