អាជ្ញាធរបាននិយាយនៅថ្ងៃសុក្រ (២៣ មករា) នេះថា មនុស្សចំនួន ៦នាក់ ត្រូវបានបញ្ជាក់ថាបាត់ខ្លួន នៅក្នុងគ្រោះបំណាក់ដីមួយ ដែលបានបំផ្លិចបំផ្លាញទីលានបោះតង់ដ៏មមាញឹក លើកោះ North Island របស់ប្រទេសនូវែលសេឡង់ ខណៈក្រុមសង្គ្រោះបន្ទាន់បានបន្តប្រតិបត្តិការរុករកតាមគំនរបាក់បែក។

ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានបំណាក់ដីនៅពេលព្រឹកម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ នៅឯភ្នំ Maunganui នៅឆ្នេរសមុទ្រភាគខាងកើតនៃកោះនេះ បណ្ដាលឱ្យកម្ទេចដី និងកម្ទេចកម្ទីផ្សេងទៀតធ្លាក់សង្កត់លើទីលានបោះជំរំដ៏មមាញឹក ក្នុងទីក្រុង Tauranga ជាទីដែលក្រុមគ្រួសារនានាកំពុងរីករាយនឹងវិស្សមកាលរដូវក្ដៅរបស់សាសារៀន ហើយក៏សម្បូរទៅដោយភ្ញៀវទេសចរបរទេសផងដែរ។
លោក Tim Anderson មេបញ្ជាការនគរបាលប្រចាំតំបន់ បានប្រាប់សន្និសីទសារព័ត៌មានមួយថា អាជ្ញាធរកំពុងធ្វើការដើម្បីទាក់ទងមនុស្ស ៣នាក់ផ្សេងទៀតទៀតដែលបាត់ដំណឹង បន្ថែមពីលើអ្នកបាត់ខ្លួនទាំង ៦នាក់នោះ ដោយសង្កត់ធ្ងន់ថា «មន្រ្តីមិនជឿថា អ្នកទាំងនោះនៅទីតាំងកើតហេតុនេះទេ ប៉ុន្តែនៅតែត្រូវធ្វើការស៊ើបអង្កេត»។
មកទល់ពេលនេះ ក្រុមមន្ត្រីនូវែលសេឡង់ មិនទាន់រាយការណ៍ពីការស្លាប់ណាមួយក្នុងទីលានបោះជំរំនោះទេ។ នគរបាលនិយាយថា មនុស្ស ២នាក់ បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ក្នុងបំណាក់ដីមួយនៅតំបន់ Papamoa ដែលនៅជិតខាង។ ឯកអគ្គរដ្ឋទូតចិនប្រចាំនូវែលសេឡង់ លោក Wang Xiaolong បាននិយាយនៅក្នុងសារលើបណ្ដាញសង្គម X ថា ម្នាក់ក្នុងចំណោមអ្នកស្លាប់នោះជាពលរដ្ឋចិន៕

