ប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា បន្ទាប់ពីបានពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅទីក្រុងDavos ប្រទេសស្វីស ថា លក្ខខណ្ឌនៃការធានាបានសន្តិសុខសម្រាប់អ៊ុយក្រែនត្រូវបានបញ្ចប់ ប៉ុន្តែបញ្ហាសំខាន់នៃទឹកដីនៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយរុស្ស៊ី នៅតែមិនទាន់ត្រូវបានដោះស្រាយ។

នៅក្នុងអ្វីដែលលោកបាននិយាយថា ជាសញ្ញាវិជ្ជមាននៃវឌ្ឍនភាពក្នុងការចរចាសន្តិភាពយូរអង្វែងដើម្បីបញ្ចប់ជម្លោះរយៈពេលបួនឆ្នាំ លោកZelenskyy បាននិយាយថា ក្រុមអ្នកចរចាមកពីប្រទេសរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងបើកកិច្ចប្រជុំត្រីភាគីជាលើកដំបូងនៅទីក្រុង Abu Dhabi នៅថ្ងៃសុក្រនេះ និងថ្ងៃសៅរ៍។
លោកក៏បាននិយាយផងដែរថា កិច្ចព្រមព្រៀងមួយស្ទើរតែរួចរាល់លើការងើបឡើងវិញនៃសេដ្ឋកិច្ច បន្ទាប់ពីសង្គ្រាមជាមួយរុស្ស៊ី ជាធាតុផ្សំសំខាន់នៃសំណើដែលគាំទ្រដោយទីក្រុងគីវ ក្នុងការជំរុញផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកដែលត្រូវបានគេមើលឃើញថាពេញចិត្តខ្លាំងចំពោះទីក្រុងមូស្គូ។

លោក Zelenskyy និងលោក Trump ដែលបានជួបគ្នា៦ដងចាប់តាំងពីលោក Trump បានវិលត្រឡប់ទៅកាន់សេតវិមានវិញកាលពីឆ្នាំមុន និងបានផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកលើអ៊ុយក្រែន ដោយមេដឹកនាំទាំងពីរបាននិយាយថា កិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ មានភាពវិជ្ជមាន។
លោក Trump បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំគិតថា ជំនួបជាមួយលោកប្រធានាធិបតី Zelenskyy មានភាពល្អបប្រសើរ ដោយលោកនិយាយថាបេសកជនអាមេរិកបានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍។ នៅពេលត្រូវបានសួរថាតើ សាររបស់លោកសម្រាប់លោក Putin មានអ្វីខ្លះ លោក Trump បានឆ្លើយថា «សង្គ្រាមត្រូវតែបញ្ចប់»។