ប្រទេសកូឡុំប៊ី នឹងផ្អាកការលក់អគ្គិសនីទៅឱ្យប្រទេសអេក្វាឌ័រ និងដំឡើងពន្ធ៣០%លើផលិតផលចំនួន២០មុខពីប្រទេសជិតខាងខ្លួនមួយនេះ នេះបើយោងតាមការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី ២២ ខែមករា ក្នុងជម្លោះកាន់តែខ្លាំងលើពាណិជ្ជកម្ម និងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន។

ចំណាត់ការនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីប្រទេសអេក្វាឌ័រ លោក Daniel Noboa បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹង «យកថ្លៃសន្តិសុខ»៣០% លើមុខទំនិញពីប្រទេសកូឡុំប៊ី ចាប់ផ្តើមពីថ្ងៃទី១ ខែកុម្ភៈ ដោយលើកឡើងពីឱនភាពពាណិជ្ជកម្ម និងកង្វះកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន។ ប្រទេសកូឡុំប៊ី ដែលបានច្រានចោលដដែលៗចំពោះការចោទប្រកាន់ដែលថាខ្លួនមិនបានធ្វើអ្វីឲ្យបានគ្រប់គ្រាន់ដើម្បីដោះស្រាយការរត់ពន្ធគ្រឿងញៀន គឺជាប្រទេសនាំចេញថាមពលសំខាន់មួយទៅកាន់ប្រទេសជិតខាងអាមេរិកខាងត្បូងរបស់ខ្លួន។
ក្នុងការឆ្លើយតបទៅនឹងការប្រកាសដំឡើងពន្ធរបស់ទីក្រុង Bogota កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីថាមពលប្រទេសអេក្វាឌ័រ បាននិយាយថា ប្រេងឆៅកូឡុំប៊ីដែលកំពុងបញ្ជូនតាមបំពង់បង្ហូរប្រេង OCP ធំបំផុតទីពីររបស់បប្រទេសអេក្វាឌ័រ នឹងមាន «បដិការ ដែលត្រូវបានផ្តល់ឱ្យចំពោះករណីអគ្គិសនី»។

យោងតាមធនាគារកណ្តាលរបស់ប្រទេសអេក្វាឌ័របានឲ្យដឹងថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសអេក្វាឌ័រជាមួយប្រទេសកូឡុំប៊ីមានចំនួនសរុប៨៣៨លានដុល្លារក្នុងរយៈពេល១០ខែដំបូងកាលពីឆ្នាំមុន។ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានសរសេរនៅលើបណ្តាញ X ថា «កិច្ចសហការជាមួយកងកម្លាំងប្រដាប់អាវុធប្រទេសអេក្វាឌ័រ មានភាពតានតឹងខ្លាំង» និងបាននិយាយបន្ថែមថា ប្រទេសកូឡុំប៊ីបានរឹបអូសកូកាអ៊ីនចំនួន ២០០ តោននៅតាមព្រំដែនរួមរបស់ប្រទេសទាំងពីរ។