លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បាននិយាយនៅថ្ងៃសុក្រ ទី២៣ ខែមករា នេះ ថា សហភាពអឺរ៉ុបទទួលបានជោគជ័យចំពោះការប្រកាន់ជំហរ «រឹងមាំ ប៉ុន្តែមិនបង្កភាពតានតឹង» ជាមួយសហរដ្ឋអាមេរិកនោះទេ ដោយនិយាយសំដៅទៅលើលោកប្រធានាធិបតី Donald Trump ដែលនិយាយសម្រាលពីការគំរាមកំហែងដើម្បីទិញយកមកគ្រប់គ្រងដែនដីកោះហ្គ្រីនលែន។ លោកស្រី និយាយថា គណៈកម្មការអឺរ៉ុបនឹងស្នើកញ្ចប់វិនិយោគដ៏សំខាន់មួយសម្រាប់ដែនដីកោះហ្គ្រីនលែន ជាដែនដីពាក់កណ្តាលស្វយ័តរបស់ប្រទេសដាណឺម៉ាក ក្នុងពេលឆាប់ៗនេះ។

បណ្តាមេដឹកនាំសហភាពអឺរ៉ុប បានធូរស្រាលចំពោះការផ្លាស់ប្តូររបស់លោក Donald Trump ជុំវិញបញ្ហាដែនដីកោះហ្គ្រីនលែន ខណៈក្រុមមេដឹកនាំបានជួបគ្នាសម្រាប់កិច្ចប្រជុំកំពូលបន្ទាន់មួយនៅទីក្រុងព្រុចសែលកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា។ មេដឹកនាំទាំងនោះបាននិយាយថា ពួកគេចង់ឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក វិលទៅរកភាពប្រក្រតីវិញ បន្ទាប់ពីសភាអឺរ៉ុបបានផ្អាកការផ្តល់សច្ចាប័នរបស់ខ្លួនក្នុងការតវ៉ាប្រឆាំងទៅនឹងសម្ពាធរបស់សហរដ្ឋអាមេរិកក្នុងការទិញយកដែនដីកោះហ្គ្រីនលែនមកគ្រប់គ្រង។

ខណៈនិយាយថា ពួកគេមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងមហាសមុទ្រអាត្លង់ទិក មេដឹកនាំសហភាពអឺរ៉ុបព្រមានថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីមានចំណាត់ការ ប្រសិនបើលោក Trump គំរាមពួកគេម្តងទៀត។ មន្ត្រីនិងមេដឹកនាំសហភាពអឺរ៉ុបនិយាយថា កិច្ចប្រជុំកំពូលកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ត្រូវបានកោះហៅបន្ទាប់ពីសហរដ្ឋអាមេរិកបានគំរាមដំឡើងពន្ធខ្ពស់ និងមានសកម្មភាពយោធានៅដែនដី Greenland មុនពេលដកថយចេញពីការគំរាមទាំងនោះ ដោយនិយាយថាកិច្ចព្រមព្រៀងលើកោះមហាសមុទ្រអាកទិកកំពុងលេចចេញ។ ប៉ុន្តែការគំរាមរបស់លោក Trump បានធ្វើឱ្យរង្គោះរង្គើយ៉ាងខ្លាំងចំពោះទំនុកចិត្តរបស់អឺរ៉ុបលើដៃគូខ្លួន។