ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មេដឹកនាំកំពូលរបស់ប្រទេសវៀតណាម លោក តូ ឡឹម ត្រូវបានជ្រើសតាំងជាផ្លូវការនៅថ្ងៃសុក្រ ទី២៣ ខែមករា នេះ ឱ្យធ្វើជាប្រធានបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាច សម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់ ក្រោយបិទបញ្ចប់សមាជបក្សដ៏សំខាន់ ខណៈលោកបានសន្យាថា នឹងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសដែលពឹងផ្អែកលើការនាំចេញមួយនេះ។

ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម ដែលដកស្រង់សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សបានឱ្យដឹងថា៖ នៅចុងបញ្ចប់នៃសមាជបក្ស ៥ឆ្នាំម្តងនៃរដ្ឋឯកបក្សមួយនេះ មន្ត្រីបក្សចំនួន ១៨០រូប មកពីគណៈកម្មាធិការដែលទើបបង្កើតថ្មី បានជ្រើសតាំង «ជាឯកច្ឆន្ទ» លើលោក តូ ឡឹម ឱ្យបន្តកាន់តំណែងដ៏មានឥទ្ធិពលបំផុតរបស់វៀតណាម។

ក្នុងអំឡុងពេលដ៏ខ្លីរបស់លោកជាប្រធានបក្ស ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៤មក លោក ឡឹម បានដឹកនាំកំណើនយ៉ាងឆាប់រហ័ស ដែលគាំទ្រដោយកំណែទម្រង់យ៉ាងទូលំទូលាយ ធ្វើឱ្យលោកទទួលបានការគាំទ្រយ៉ាងខ្លាំង ប៉ុន្តែក៏មានការរិះគន់មួយចំនួនផងដែរ។
ការត្រូវបានជ្រើសតាំងឡើងវិញរបស់លោក ឡឹម ជាប្រធានបក្ស បានផ្ញើសារធានាទំនុកចិត្តដល់វិនិយោគិនបរទេស ដែលតែងតែលើកឡើងពីស្ថិរភាពនយោបាយថាជាកត្តាសំខាន់មួយក្នុងការទាក់ទាញរបស់វៀតណាម។ លោក ឡឹម វ័យ ៦៨ឆ្នាំ ក៏កំពុងស្វះស្វែងរកប្រធានាធិបតីផងដែរ ប៉ុន្តែការសម្រេចចិត្តមួយ នឹងត្រូវប្រកាសនៅពេលក្រោយទៀត៕