ក្រសួងការពារជាតិរុស្ស៊ី រាយការណ៍នៅលើបណ្តាញព័ត៌មានសង្គម Telegramនាថ្ងៃសុក្រនេះថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរយៈចម្ងាយឆ្ងាយ Tu-22M3 របស់រុស្ស៊ី បានធ្វើការល្បាតតាមពេលកំណត់នៅលើដែនសមុទ្របាល់ទិក ។

ក្រសួងបន្តថា យន្តហោះទម្លាក់គ្រាប់បែកទាំងនេះ ត្រូវបានអមដំណើរដោយយន្តហោះចម្បាំង Sukhoi Su-35S និង Su-30SM ។
រុស្ស៊ី តែងតែល្បាតយន្តហោះបែបនេះ ជាការបង្ហាញកម្លាំងសាច់ដុំយោធារបស់ខ្លួន ។ ការប្រកាសបែបនេះដែរ បានធ្វើឡើងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយលោកប្រធានាធិបតី Vladimir Putin ចាប់ផ្តើមជំនួបជាមួយប្រេសិតពិសេសសហរដ្ឋអាមេរិកនៅឯវិមានក្រឹមឡាំង ដើម្បីពិភាក្សាលើសំណើបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។
លោក Steve Whitkov គឺជាប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក និងលោក Jared Kushnerគឺជាកូនប្រសាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើដំណើរមកដល់ទីក្រុងមូស្គូ ។ យន្តហោះរបស់ពួកគេបានចុះចតនៅអាកាសយានដ្ឋាន Vnukovo ក្រោយធ្វើដំណើរចេញពីប្រទេសស្វីស ជាទីដែលពួកគេចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ៕
