អង់គ្លេស៖ គណៈកម្មាធិការគ្រោះមហន្តរាយ និងគ្រាអាសន្ន (DEC) មានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃសុក្រថា រហូតមកដល់ពេលនេះពួកគេរៃអង្គាសថវិកាបានជិត ២០០លានដុល្លារអាមេរិកដើម្បីជួយដល់អង្គការសប្បុរសធម៌ ធ្វើការជាមួយជនភៀសខ្លួននៅក្នុងប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសជិតខាង។

គណៈកម្មាធិការគ្រោះមហន្តរាយនិងគ្រាអាសន្ននិយាយថា ប្រាក់ចំនួន ២៥លានដុល្លារត្រូវបានផ្តល់ដោយរដ្ឋាភិបាលចក្រភពអង់គ្លេស ខណៈការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែនកាន់តែខ្លាំងឡើង។ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦០ គណៈកម្មាធិការសង្គ្រោះគ្រោះមហន្តរាយ បានប្រមូលផ្តុំទីភ្នាក់ងារមនុស្សធម៌ចក្រភពអង់គ្លេសធំបំផុតចំនួន ១៥ទីភ្នាក់ងារ ដែលក្នុងនោះមានកាកបាទក្រហមអង់គ្លេស អង្គការជំនួយសកម្មភាព អង្គការ Oxfam និងអង្គការ Save the Children ហើយសមាជិកចំនួន ១៣ទីភ្នាក់ងារក្នុងចំណោមសមាជិកទាំងនេះកំពុងធ្វើការនៅអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន