លោក Abhijit Das គឺជាអ្នកជំនាញគោលនយោបាយពាណិជ្ជកម្មនិយាយនៅថ្ងៃសុក្រនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឥណ្ឌា-សហភាពអឺរ៉ុប(EU) ទំនងជាជំរុញការនាំចេញ ពិសេសវាយនភណ្ឌ តែវាមានផលប៉ះពាល់អវិជ្ជមានដល់វិស័យរថយន្ត ។
ឥណ្ឌា និង EU ត្រូវបានគេរំពឹងថា នឹងប្រកាសបញ្ចប់កិច្ចចរចាអូសបន្លាយពេល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃអង្គារ ទី ២៧ ខែមករា សប្តាហ៍ក្រោយ ។
ប្រភពមួយរបស់រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា ការប្រកាសនេះ អាចនឹងកើតឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ជួបមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ដែលធ្វើសហប្រធានកិច្ចប្រជុំកំពូលឥណ្ឌា-EU អំឡុងដំណើរទស្សនកិច្ចរបស់ពួកគេទៅកាន់ប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២៥ រហូតដល់ថ្ងៃទី ២៨ ខែមករា ។
លោក Das ដែលជាសាស្រ្តាចារ្យផងដែរនៅវិទ្យាស្ថានពាណិជ្ជកម្មបរទេសឥណ្ឌាមានមូលដ្ឋាននៅទីក្រុងដែលី និយាយថា សហភាពអឺរ៉ុប គឺជាមហាអំណាចមួយក្នុងវិស័យរថយន្ត យូរៗពួកគេនឹងផ្លាស់ប្តូរទៅជារថយន្តអគ្គិសនី(EV) ។ បច្ចុប្បន្ន បើសិនជាពួកយើងបើកទូលាយវិស័យរថយន្ត ជាមួយនឹងកំណើនរថយន្ត EV ដល់ពេលនោះលទ្ធភាពដែលឥណ្ឌាបង្កើតវិស័យរថយន្ត EV នឹងត្រូវកាត់បន្ថយ ៕