
សំឡេងម៉ាស៊ីនភ្លើងបានបន្លឺឡើងនៅទូទាំងសង្កាត់ប្រវត្តិសាស្រ្ត Podil ស្ថិតក្នុងទីក្រុងគីវ ពេលដែលពលរដ្ឋព្យាយាមធ្វើដំណើរឆ្លងកាត់ផ្លូវទឹកកក ក្នុងស្ថានភាពងងឹតឈឹង ។
ប្រហែលពាក់កណ្តាលនៃផ្ទះសម្បែងប្រជាពលរដ្ឋនៅក្នុងរដ្ឋធានីមួយនេះ គ្មានកម្តៅ ឬថាមពលនោះទេ ក្រោយការវាយប្រហារតាមច្រកអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន មានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសមួយនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។
ពេលដែលស៊ីរ៉ែវាយឆ្មក់តាមអាកាសបន្លឺឡើង ក្រុមយុវជន-យុវតីនៅក្នុងទីក្រុងគីវ បានជួបជុំគ្នាជាជួរនៅហាងកាហ្វេ និងរង្គសាល ។ ម៉ាស៊ីនភ្លើងអាចផ្តល់កម្តៅ ពន្លឺ និងតន្រ្តីដល់ពួកគេ ។
អ្នកនាង Karina Sema គឺជាអ្នកសារព័ត៌មានវ័យ ២៤ឆ្នាំមួយរូប និយាយប្រាប់កាសែត Al Jazeera ថា វាសំខាន់ខ្លាំងណាស់សម្រាប់ឲ្យក្រុមយុវជន-យុវតី ជួបជុំគ្នា ធ្វើរឿងជាមួយគ្នា ដើម្បីកុំឲ្យពួកគេបាក់ទឹកចិត្ត ។
អ្នកនាង Karina បានដកទូរស័ព្ទចេញពីហោប៉ៅ បង្ហាញវីដេអូថតបានកាលពីពេល ១ថ្ងៃមុន ។ មនុស្សប្រហែល ១០០នាក់ អាចមើលឃើញបើកភ្លើងពិលនៅជុំវិញឧបករណ៍បំពងសំឡេងមួយគ្រឿង រួចពួកគេច្រៀងតាមបទ “All I Need Is Your Love Tonight” ។
ការវាយប្រហារទ្រង់ទ្រាយធំចុងក្រោយ បានកើតឡើងកាលពីយប់ថ្ងៃអង្គារ ពេលដែលរុស្ស៊ី បាញ់បង្ហោះយានដ្រូន និងមីស៊ីលបាលីស្ទិកនៅទូទាំងប្រទេសអ៊ុយក្រែន ធ្វើឲ្យទីក្រុងគីវ រួមទាំងអគារសភាអ៊ុយក្រែន ធ្លាក់ក្នុងភាពងងឹត ខណៈដែលក្រុមការងារជួសជុល ទើបចាប់ផ្តើមស្តាផ្នែកខ្លះនៃការដាច់ចរន្តអគ្គិសនី ក្រោយការវាយប្រហារមុនៗ អំឡុងខែមករា ៕