ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបមួយចំនួន បានផ្អាកជើងហោះហើរទៅកាន់និងឆ្លងកាត់ ប្រទេសជាច្រើននៅមជ្ឈិមបូព៌ា ដោយសារតែភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលអាចផ្ទុះឡើងពាសពេញតំបន់ឈូងសមុទ្រ។ ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France បាននិយាយថា ខ្លួននឹងបញ្ឈប់សេវាកម្មទៅកាន់ទីក្រុងឌុយបៃ នៅនៅថ្ងៃទី ២៣ និង ២៤ ខែមករា ជាបណ្តោះអាសន្ន ខណៈខ្លួនបន្តតាមដាន «ស្ថានភាពភូមិសាស្ត្រនយោបាយ»។
ក្រុមហ៊ុនអាកាសចរណ៍ហូឡង់ KLM បានផ្អាកជើងហោះហើរទៅទីក្រុងឌុយបៃ រីយ៉ាដ និងដាម៉ាម ក្នុងអារ៉ាប៊ីសាអ៊ូឌីត និងក្រុងតែលអាវីវ របស់អ៊ីស្រាអែល រហូតដល់មានការជូនដំណឹងបន្ថែម។ ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយថា បច្ចុប្បន្ន ខ្លួនកំពុងជៀសវាងដែនអាកាសលើប្រទេសឈូងសមុទ្រជាច្រើន ក៏ដូចជាអ៊ីរ៉ង់ អ៊ីរ៉ាក់ និងអ៊ីស្រាអែល ដើម្បីជាការប្រុងប្រយ័ត្ន។

ការលុបចោលទាំងនេះបានបង្ហាញថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ អាចរំខានយ៉ាងខ្លាំងដល់អាកាសចរណ៍ស៊ីវិល។ ចំណាត់ការនេះកើតឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា សហរដ្ឋអាមេរិក បានដាក់ពង្រាយទ្រព្យសម្បត្តិកងទ័ពជើងទឹកទៅកាន់មជ្ឈិមបូព៌ា ដែលបង្កឱ្យមានការព្រួយបារម្ភឡើងវិញថា លោកអាចនឹងបន្តធ្វើតាមគំរាមកំហែងរបស់លោក ក្នុងការវាយប្រហារអ៊ីរ៉ង់ ជុំវិញការបង្ក្រាបដោយហិង្សារបស់រដ្ឋាភិបាលតេអេរ៉ង់ លើក្រុមបាតុករ។
ក្រុមហ៊ុនអាកាសចរណ៍ចក្រភពអង់គ្លេស បានផ្អាកជើងហោះហើរជាបណ្ដោះអាសន្នទៅកាន់ប្រទេសបារ៉ែន ដែលជាទីតាំងនៃកងនាវាទីប្រាំរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក កាលពីដើមខែមករា។ ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប និងអាមេរិកជាច្រើនទៀតក៏បានផ្អាកប្រតិបត្តិការទៅកាន់បណ្ដាប្រទេសឈូងសមុទ្រ កាលពីខែមិថុនា ពោលគឺ មុនពេលអ៊ីរ៉ង់ បាញ់មីស៊ីលលើមូលដ្ឋានអាមេរិកមួយនៅប្រទេសកាតា។ ការវាយប្រហារដោយមីស៊ីលនោះ បានបង្ខំឱ្យកាតា និងប្រទេសជុំវិញ បិទដែនអាកាសរបស់ពួកគេ និងបានបង្កើតភាពវឹកវរដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ៕


