នៅខេត្តស៊ីឈួន ភាគនិរតីប្រទេសចិន ពិធីបុណ្យចង្កៀងគោមអន្តរជាតិ Zigong ប្រចាំឆ្នាំ បានចាប់ផ្តើមនៅថ្ងៃសុក្រ (២៣ មករា) ដោយបង្ហាញសិល្បៈចង្កៀងគោមដ៏ចែងចាំងដែលមានអាយុកាលរាប់សតវត្សរ៍មកហើយ ក្នុងទ្រង់ទ្រាយធំដែលធ្វើឱ្យមនុស្សម្នារីករាយនឹងទស្សនីយភាពដ៏អស្ចារ្យ។
បុណ្យចូលឆ្នាំចិន នៅឆ្នាំ២០២៦នេះ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ដែលជាការចាប់ផ្តើមនៃឆ្នាំមមី (សត្វតំណាងសេះ) ក្នុងរាសីចក្រចិន។ ចង្កៀងគោម គឺជាលក្ខណៈពិសេសតាមបែបប្រពៃណីនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន នៅប្រទេសចិន ដែលតំណាងឱ្យសំណាងល្អ និងការបំភ្លឺផ្លូវ។ នៅយប់បើកសម្ពោធ ហ្វូងមនុស្សបានប្រមូលផ្តុំគ្នាដើម្បីទស្សនាចង្កៀងគោមធ្វើដោយដៃជាង ២០០ម៉ូដ ដែលពណ៌នាអំពីសត្វតំណាងឆ្នាំ តួអង្គទេវកថា និងឈុតឆាកប្រទេសចិនក្នុងសម័យបុរាណ។

អ្នករៀបចំកម្មវិធីបាននិយាយថា បុគ្គលិកប្រហែល ១.២០០នាក់ ត្រូវចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីផលិតចង្កៀងគោមទាំងនោះ ដែលចង្កៀងខ្លះលាតសន្ធឹងរាប់រយម៉ែត្រ។ ការតាំងបង្ហាញមួយនៃចង្រ្កៀងគោម ដែលមានប្រវែង ២១០ម៉ែត្រ មានចំណងជើងថា "ប្រទេសចិនដ៏អស្ចារ្យ" ត្រូវបានបំផុសគំនិតដោយរឿងព្រេងចិនបុរាណមួយ ហើយមានសត្វបក្សីក្នុងទម្រង់ដូចត្រីដ៏ធំមួយក្បាលក្នុងការតាំងបង្ហាញនោះ។
ការតាំងបង្ហាញចង្រ្កៀងមួយទៀត ក្រោមប្រធានបទ «រឿងព្រេងនិទានមូឡាន» និងលាតសន្ធឹងប្រវែង ១៨០ម៉ែត្រ បានពណ៌នារឿងរ៉ាវរបស់អ្នកចម្បាំងស្រីមូឡាន និងរួមបញ្ចូលហ្វូងសេះរត់ប្រណាំង ដោយសត្វទាំងនេះសំដៅលើសត្វរាសីចក្រឆ្នាំមមីនេះ។ ចង្កៀងគោមក្នុងពិធីបុណ្យ ត្រូវបានផលិតឡើងដោយប្រើប្រាស់វត្ថុធាតុដើមជាច្រើនប្រភេទ រួមទាំងចំបើង ម្ទេស និងដបថ្នាំកែច្នៃឡើងវិញជាដើម៕



