មន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារគ្រូពេទ្យ ចុះពិនិត្យសុខភាពភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤២៦នាក់ និងបញ្ជូនទៅវះកាត់ព្យាបាលភ្នែកបន្តនៅមន្ទីរពេទ្យព្រះអង្គឌួង ចំនួន១០៣នាក់ រស់នៅខេត្តកែប ។
ពិធីនេះប្រារព្ធឡើងនៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ នៅមនី្ទរពេទ្យខេត្តកែប ក្រោមវត្តមាន លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង, លោក ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តកែប, លោក ប៉ាង ពៅ នាយកអភិវឌ្ឍន៍កម្មវិធីចិរភាពកម្ពុជា និងលោក បាក់ តូក្យូ នាយកប្រចាំប្រទេស នៃមូលនិធិហ្រេ្វដហូឡូ និងប្រជាពលរដ្ឋជាច្រើនទៀត។
លោកសាស្ត្រាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា ការចុះពិនិត្យសុខភាពភ្នែកនាពេលនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពភ្នែករបស់ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋយើង ឱ្យបានល្អប្រសើរ ព្រោះថាសុខភាពភ្នែកមានសារសំខាន់ណាស់។ ការចុះពិនិត្យភ្នែកនេះ មន្ទីរពេទ្យសហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកែប មូលនិធិ ហ្វ្រេដហូឡូ និង មូលនិធិ វ័ន សាញ ក្នុងនោះមូលនិធិ វ័ន សាញ ចែកវ៉ែនតាជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅពេលគ្រូពេទ្យជំនាញពិនិត្យឃើញថាមានបញ្ហាគំហើញដែលតម្រូវឱ្យពាក់វ៉ែនតា ដើម្បីធ្វើឱ្យភ្នែកបានល្អប្រសើរ។
បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តកែប បានអរគុណដល់មន្ទីរពេទ្យព្រះអង្គឌួង បានចុះពិនិត្យសុខភាពភ្នែក ផ្តល់ថ្នាំបន្តក់ភ្នែក និងចែកវ៉ែនតាដោយមិនគិតថ្លៃ។
លោក ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តកែប មានប្រសាសន៍ថា វត្តមានរបស់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យភ្នែក ពីក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យព្រះអង្គឌួង ពិតជាមានប្រយោជន៍សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ និងសូមអរគុណចំពោះការយកចិត្តទុកដាក់ពីលោកសាស្រ្តាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងមូលនិធិហ្វ្រេដហូឡូ តែងតែយកចិត្តទុកដាក់ជួយគាំទ្រផ្នែកសុខភាពភ្នែក នៅខេត្តកែប។អត្ថបទ រដ្ឋា



