ព្រិលបានធ្លាក់ខ្លាំងនៅតាមបណ្តាលរដ្ឋតំបន់ភ្នំហិម៉ាឡៃរបស់ប្រទេសឥណ្ឌា ជាហេតុនាំមកនូវភាពសប្បាយរីករាយនៅក្នុងចំណោមអ្នកស្រុក និងភ្ញៀវទេសចរ ស្របពេលដែលពួកគេប្រឈមនឹងការដាច់ចរន្តអគ្គិសនី និងបិទផ្លូវ ។
រថយន្ត និងផ្លូវ ត្រូវបានគេមើលឃើញគ្រប់ដណ្តប់ដោយគំនរព្រិល នៅតំបន់កាស្មៀ បង្ខំឲ្យអ្នកស្រុកស្នាក់នៅក្នុងផ្ទះមិនហ៊ានចេញក្រៅ ។
អ្នកស្រុកមួយរូបនិយាយថា ក្រោយរយៈពេល ៣ខែដែលមានភ្លៀងធ្លាក់ ឥឡូវមានព្រិលធ្លាក់វិញម្តង វាពិតជាមានអារម្មណ៍អស្ចារ្យខ្លាំងណាស់ពេលមានព្រិលធ្លាក់បែបនេះ ប៉ុន្តែវាក៏ជាបញ្ហាលំបាកផងដែរសម្រាប់ពួកយើងនៅពេលគ្មានចរន្តអគ្គិសនីបែបនេះ ។

ដោយឡែកនៅ ទីក្រុង Shimla បានមើលឃើញកំណើនភ្ញៀវទេសចរច្រើន ពេលដែលការធ្លាក់ព្រិលច្រើនលើកដំបូងនៃរដូវកាល បានគ្របដណ្តប់តំបន់ភ្នំ ធ្វើឲ្យវាប្រែក្លាយជាដែនដីរដូវរងាដ៏អច្ឆរិយៈ ។
ទីក្រុងមួយនេះ ដែលល្បីល្បាញថាមានទេសភាពស្រស់ស្អាត មានខ្យល់ឱកាសបរិសុទ្ធនោះ បានក្លាយជាគោលដៅដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ អំឡុងរដូវរងានេះ ស្របពេលដែលអ្នកដំណើរនាំគ្នាគយគន់ព្រិលធ្លាក់លើកដំបូងក្នុងរដូវកាល ។
ពេលដែលព្រិលធ្លាក់ធ្វើឲ្យទីក្រុង Shimla លើកមុខលើកមាត់នោះ ភ្ញៀវទេសចរដែលចង់ដកពិសោធន៍រដូវរងាដ៏ស្រស់ស្អាតនេះ បានរួសរានធ្វើដំណើរមកកាន់ទីក្រុងមួយនេះ ។
ដងផ្លូវគ្របដណ្តប់ដោយព្រិល គួបផ្សំនឹងសកម្មភាពកម្សាន្តជាច្រើន និងវប្បធម៌ក្នុងស្រុក បានទាក់ទាញលំហូរភ្ញៀវទេសចរយ៉ាងច្រើន មកកាន់តំបន់ភ្នំ អំឡុងពេលវិស្សមកាលដ៏អស្ចារ្យបំផុតប្រចំាឆ្នាំ២០២៦នេះ ៕
