កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកនឹងដំឡើងពន្ធ ១០០ភាគរយលើប្រទេសកាណាដា បើសិនជាពួកគេបង្កើតកិច្ចព្រមព្រៀងជាមួយចិន ហើយលោកបានព្រមានលោកនាយករដ្ឋមន្រ្តី Mark Carney ថា កិច្ចព្រមព្រៀងនឹងធ្វើឲ្យគ្រោះថ្នាក់ដល់ប្រទេសរបស់គាត់ ។

អំឡុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗទៅកាន់ប្រទេសចិន លោក Carney ចាត់ទុកប្រទេសមហាអំណាចអាស៊ីមួយនេះថា ជាដៃគូអាចទុកចិត្តបាន និងអាចព្យាករបាន ហើយនៅក្នុងទីក្រុង Davos ប្រទេសស្វីស លោកបានជំរុញឲ្យក្រុមមេដឹកនាំអឺរ៉ុប ស្វែងរកការវិនិយោគពីប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២របស់ពិភពលោកមួយនេះ ។
គួរឲ្យដឹងថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសជិតខាងភាគខាងជើងរបស់ពួកគេមួយនេះ បានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។
កាលពីព្រហស្បតិ៍ លោក Trump បានដកចេញការអញ្ជើញសម្រាប់កាណាដា ឲ្យចូលរួមគំនិតផ្តួចផ្តើម “ក្រុមប្រឹក្សាសន្តិភាព”របស់លោក ដោយមានគោលបំណងដោះស្រាយជម្លោះសកលលោក ៕
