ភ្នំពេញ៖ តាមការគ្រោងទុក នៅថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងរៀបចំ និងដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៨ (28th AEM Retreat) តាមប្រព័ន្ធអនឡាញ។
ក្នុងជំនួបការងារជាមួយ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ កាលពីរសៀលថ្ងៃទី១១ ខែមីនាកន្លងទៅ តាមរយៈប្រព័ន្ធអនឡាញ ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងរបៀបវារៈទាំងឡាយដែលគ្រោងនឹងលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀតនោះ រួមមាន៖ ការតាមដានកិច្ចការបន្ត ស្របតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩, ការត្រៀមដើម្បីអនុម័តលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលស្នើដោយកម្ពុជា ព្រមទាំងអាទិភាពប្រចាំឆ្នាំរបស់ក្រុមការងារអន្តរវិស័យក្រោមសមត្ថកិច្ចរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងការពិភាក្សាអំពីយុទ្ធសាស្ត្រអាស៊ានក្នុងការបង្កើនទំនាក់ទំនងកាន់តែប្រសើរជាមួយនឹងប្រទេសដៃគូអាស៊ាន ជាពិសេសដើម្បីពន្លឿនការបញ្ចប់ការចរចាធ្វើឱ្យប្រសើរឡើងនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ឱ្យបានទាន់ពេលវេលាកំណត់។ល។
ឯកឧត្តម បានបញ្ជាក់ថា ឯកឧត្តមមានជំនឿចិត្តយ៉ាងមុតមាំថា ក្រោមភាពដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្ម កិច្ចប្រជុំចង្អៀតខាងមុខនឹងបញ្ចប់ដោយរលូន ប្រកបដោយលទ្ធផលជោគជ័យ និងជាទីមោទនៈ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអគ្គលេខាធិការអាស៊ាន បានប្តេជ្ញាចិត្តបន្តកិច្ចសហការបន្ថែមទៀត សំដៅឈានទៅរកការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ និងអាទិភាពការងារប្រចាំឆ្នាំ២០២២ ដែលស្ថិតក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ៕
អត្ថបទ៖ ឈិត បូរ៉ាវី