លោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកមានការពិភាក្សាប្រកបដោយវិជ្ជមាន ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ស្តីពីការជំរុញផែនការសន្តិភាព២០ចំណុចដែលសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន។ ការចរចានេះកើតឡើងស្របពេលអ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការយោធាក្នុងតំបន់ប៉ាឡេស្ទីនទោះបីជាមានបទឈប់បាញ់ក៏ដោយ។

លោក Witkoff និងកូនប្រសាររបស់លោក Trump គឺលោក Jared Kushner បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលភ្លាមៗបន្ទាប់ពីការចរចាត្រីភាគីរុស្ស៊ី-អាមេរិក-អ៊ុយក្រែន ដែលបានធ្វើឡើងនៅ អារ៉ប់រួម ក្នុងរយៈពេលពីរថ្ងៃកាលពីចុងសប្តាហ៍នេះ។

បេសកជនពិសេសរូបនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃអាទិត្យថា ការចរចាជាមួយលោក Netanyahu ផ្ដោតលើវឌ្ឍនភាពដែលនៅតែបន្ត និងការធ្វើផែនការអនុវត្តសម្រាប់ដំណាក់កាលទី ២ នៃផែនការ២០ ចំណុចរបស់ប្រធានាធិបតី Trump សម្រាប់តំបន់ហ្កាហ្សា។ ការពិភាក្សាប្រកបដោយវិជ្ជមានក៏ពាក់ព័ន្ធនឹង បញ្ហាក្នុងតំបន់ផងដែរ។ លោក Witkoff បាននិយាយដោយមិនបានបញ្ជាក់លម្អិត ដែលទំនងជាសំដៅទៅលើភាពតានតឹងកំពុងបន្តទាក់ទងនឹងអ៊ីរ៉ង់ និងសកម្មភាពយោធាអាមេរិកដែលអាចកើតមានប្រឆាំងនឹងប្រទេសនេះ។

គណៈប្រតិភូសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាបានជំរុញឱ្យថ្នាក់ដឹកនាំអ៊ីស្រាអែលបន្តទៅដំណាក់កាលទី២ នៃផែនការសន្តិភាព ពោលគឺការបើកច្រកព្រំដែនរ៉ាហ្វាឡើងវិញ ដែលភ្ជាប់តំបន់ប៉ាឡេស្ទីនទៅកាន់ប្រទេសអេហ្ស៊ីប។ អ៊ីស្រាអែលមានភាពស្ទាក់ស្ទើរក្នុងការអនុវត្តជំហាននេះ ដោយព្យាយាមភ្ជាប់បញ្ហានេះទៅនឹងការរំសាយអាវុធរបស់ក្រុមហាម៉ាស ក៏ដូចជាការប្រគល់សាកសពរបស់ចំណាប់ខ្មាំងចុងក្រោយ ដែលត្រូវបានគេជឿថានៅតែត្រូវបានក្រុមសកម្មប្រយុទ្ធហាម៉ាស រក្សាទុក៕