នគរបាលបាននិយាយថា មនុស្សចំនួន៨៦នាក់ត្រូវបានចាប់ខ្លួននៅចក្រភពអង់គ្លេស បន្ទាប់ពីបានប្រមូលផ្តុំគ្នានៅពន្ធនាគារមួយកន្លែងក្នុងទីក្រុងឡុងដ្រ៍ ដើម្បីគាំទ្រដល់សកម្មជនម្នាក់ពាក់ព័ន្ធនឹងអង្គការ Palestine Action ដែលធ្វើកូដកម្មអត់អាហារ កំពុងត្រូវបានឃុំខ្លួន។

នគរបាលទីក្រុងឡុងដ្រ៍បានសរសេរនៅលើបណ្តាញ X ថា មន្ត្រីនគរបាលត្រូវបានដាក់ពង្រាយទៅកាន់ពន្ធនាគារ Wormwood Scrubs ជាកន្លែងដែលក្រុមអ្នកតវ៉ា «បានបដិសេធមិនចាកចេញពីទីតាំងនោះ នៅពេលដែលត្រូវបានបញ្ជាឱ្យចាកចេញ»។ នៅខាងក្នុងពន្ធនាគារ Wormwood Scrubs លោក Umer Khalid អាយុ២២ឆ្នាំ ជាសកម្មជនគាំទ្រប៉ាឡេស្ទីន បានឈប់ទទួលអាហារ១៦ថ្ងៃមកហើយ។

នគរបាលនិយាយថា តាមការចោទប្រកាន់ ក្រុមនេះ «បានរារាំងបុគ្គលិកពន្ធនាគារមិនឱ្យចូលនិងចេញ»។ វីដេអូនៃឧប្បត្តិហេតុដែលត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន Al Jazeera បង្ហាញពីមន្ត្រីនគរបាលកំពុងរុញក្រុមអ្នកតវ៉ាឲ្យដួលទៅលើដីហើយបានដាក់ខ្នោះដៃពួកគេ។
ក្រុមនគរបាលពីរក្រុម ក៏បានលេចឡើងដើម្បីបង្ក្រាបក្រុមបាតុករ ជាតាកទិករបស់នគរបាលពាក់ព័ន្ធហើយបានបិទផ្លូវក្រុមបាតុករក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ពួកគេ។
លោក Khalid បានប្រាប់សារព័ត៌មានAl Jazeera កាលពីសប្តាហ៍មុនថា លោកមានផែនការបង្កើនការធ្វើកូដកម្មអត់អាហាររបស់លោកដោយមិនឲ្យទទួលទឹកអ្វីទាំងអស់ ។