ការវាយប្រហារមួយ ធ្វើឡើងក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ិស្លាម (ISIS) នៅភាគខាងកើតប្រទេសកុងហ្គោ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥នាក់ កាលពីព្រឹកថ្ងៃអាទិត្យ (២៥ មករា) នេះបើយោងតាមក្រុមសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅខេត្ត Ituri របស់ប្រទេសនេះ។

អ្នកស្លាប់ភាគច្រើនគឺដោយសារការវាយប្រហាររបស់កងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត ឬហៅកាត់ថាក្រុម ADF ដោយក្នុងនោះ មនុស្សជាច្រើនត្រូវបានដុតទាំងរស់ ខណៈអ្នកខ្លះទៀតត្រូវបានបាញ់សម្លាប់ នៅភូមិ Apakulu ក្នុងទឹកដី Irumu នៃខេត្ត Ituri។

ប្រធាននៃក្រុមសិទ្ធិមនុស្ស អនុសញ្ញាសម្រាប់ការគោរពសិទ្ធិមនុស្ស CRH បាននិយាយថា «សោកនាដកម្មនេះបានកើតឡើងនៅម៉ោងក្នុងស្រុកប្រហែលជា ៤ទាបភ្លឺថ្ងៃអាទិត្យ ហើយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៥ នាក់។ ទង្វើរបស់ក្រុម ADF គឺជាការសម្លាប់រង្គាលយ៉ាងពិតប្រាកដ»។
តំបន់ភាគខាងកើតនៃប្រទេសកុងហ្គោ បានមើលឃើញការវាយប្រហារជាច្រើនលើកច្រើនសារក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ធ្វើឡើងដោយក្រុមប្រដាប់អាវុធនានា រួមទាំងក្រុម ADF និងក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ្វ៉ាន់ដា៕