មនុស្សរាប់ពាន់នាក់បានប្រារព្ធទិវាជាតិអូស្ត្រាលី នៅថ្ងៃចន្ទ (ទី២៦ ខែមករា ឆ្នាំ២០២៦) នេះ អមដោយប្រឹត្តិការណ៍ជួបជុំ «ទិវាឈ្លានពាន» ដើម្បីគាំទ្រជនជាតិដើមអូស្ត្រាលី និងអំពាវនាវឲ្យមានឯកភាព ខណៈដែលការតវ៉ាប្រឆាំងនឹងអន្តោប្រវេសន៍ដាច់ដោយឡែក ក៏បានទាក់ទាញមនុស្សចូលរួមយ៉ាងច្រើនផងដែរ។

ទិវាជាតិអូស្ត្រាលីរំលឹកដល់ថ្ងៃដែលចក្រភពអង់គ្លេស បានបង្កើតរដ្ឋ New South Wales ជាដែនដីអាណានិគម សម្រាប់ពន្ធនាគារកម្រិតធ្ងន់នៅតំបន់ដាច់ស្រយាល ដោយការទៅដល់ទីក្រុងស៊ីដនីជាមួយនឹងនាវាដឹកអ្នកដាក់អាណានិគម និងទណ្ឌិត។
តែយ៉ាងណាក្ដី សម្រាប់ជនជាតិដើមអូស្ត្រាលីជាច្រើន ដែលមានចំនួនប្រហែល ៤ភាគរយនៃប្រជាជន ២៧លាននាក់របស់ប្រទេសនេះ ទិវានេះ មិនមែនជាថ្ងៃឈប់សម្រាប់ដ៏គួរឲ្យអបអរឡើយ ដោយពួកគេចាត់ទុកថា ជា «ទិវាឈ្លានពាន» និងជាការកត់សម្គាល់ពីការបំផ្លាញវប្បធម៌របស់ពួកគេ ដោយអ្នកតាំងលំនៅរបស់ជនជាតិអឺរ៉ុប។
នៅឧទ្យាន Hyde Park ក្នុងទីក្រុងស៊ីដនី ការជួបជុំ «ទិវាឈ្លានពាន» ប្រចាំឆ្នាំ បានចាប់ផ្តើមនៅម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក) ដោយការឧទ្ទិសដល់អ្នកដែលត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើង នៅក្នុងទីក្រុងជនបទរដ្ឋ New South Wales កាលពីសប្តាហ៍មុន។
តំណាងជនជាតិដើមភាគតិច ក៏បានលើកឡើងផងដែរ អំពីការប្រគល់ដីធ្លីមកវិញ ចំនួនអ្នកស្លាប់ឡើងខ្ពស់នៃជនជាតិដើមភាគតិច នៅក្នុងការឃុំឃាំងរបស់នគរបាល និងតម្រូវការបន្តរួបរួមគ្នាប្រឆាំងនឹងការមានទង្វើជាតិនិយមកាន់តែខ្លាំងឡើងៗ ពីសំណាក់ក្រុមប្រឆាំងស្តាំនិយម និងគណបក្សប្រជានិយម One Nation របស់លោកស្រី Pauline Hanson ដែលកំពុងកើនសំឡេងឆ្នោត៕

