ប្រទេសចិន នៅថ្ងៃចន្ទ (ទី២៦ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមជាមួយកាណាដា «មិនផ្តោតលើភាគីទី៣ ណាមួយឡើយ» បន្ទាប់ពីសហរដ្ឋអាមេរិកគំរាមដំឡើងពន្ធ ១០០ភាគរយលើផលិតផលរបស់កាណាដា ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានបញ្ចប់សព្វគ្រប់។
ក្រោមកិច្ចព្រមព្រៀងដែលបានប្រកាស នាខែនេះ ទីក្រុងប៉េកាំងត្រូវបានគេរំពឹងថា នឹងកាត់បន្ថយពន្ធលើការនាំចូលផ្កាកាណូឡារបស់កាណាដា និងផ្តល់ការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការដល់ពលរដ្ឋកាណាដា ចូលទៅកាន់ប្រទេសចិន។

ប៉ុន្តែកាលពីចុងសប្តាហ៍ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តប្រពៃណីរបស់កាណាដា បានគំរាមដំឡើងអត្រាពន្ធ ១០០ភាគរយលើផលិតផលកាណាដា ប្រសិនបើកិច្ចព្រមព្រៀងនេះបន្តកើតមានឡើង ដោយបញ្ជាក់ថា វានឹងអនុញ្ញាតឲ្យប្រទេសចិន «លក់ទំនិញក្នុងតម្លៃទាបជាងទីផ្សារ»។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយនៅថ្ងៃចន្ទនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ មិនមានគោលបំណងផ្ដោតទៅលើទីក្រុងវ៉ាស៊ីនតោននោះឡើយ។ លោក Guo បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំថា៖ «ប្រទេសចិន និងកាណាដា បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រប្រភេទថ្មី។ វាមិនផ្តោតលើភាគីទី ៣ ណាមួយឡើយ»។
លោកបានបន្ថែមថា៖ «ប្រទេសចិនគាំទ្រថា ប្រទេសនានាគួរតែចាប់ផ្តើមទំនាក់ទំនង រវាងរដ្ឋ និងរដ្ឋ ដោយមានផ្នត់គំនិតឈ្នះ-ឈ្នះ ជាជាងផ្នត់គំនិតមានអ្នកឈ្នះមានអ្នកចាញ់ និងតាមរយៈកិច្ចសហប្រតិបត្តិការ ជាជាងការប្រឈមមុខដាក់គ្នា»។
កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នៅទីក្រុងប៉េកាំងក្នុងខែនេះ ខណៈដែលលោកកំពុងប្រឹងប្រែងងាកចេញពីសហរដ្ឋអាមេរិកដែលមានភាពប្រែប្រួល ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump។ កាណាដា និងសហរដ្ឋអាមេរិកត្រូវបានជាប់នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ចាប់តាំងពីរដ្ឋបាលរបស់លោក Trump បានដាក់ពន្ធនាំចូលលើប្រទេសជិតខាងភាគខាងជើងមួយនេះរបស់ខ្លួន៕
