ប្រដាល់សកល៖ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានឲ្យដឹងថា កម្ពុជាបានទទួលសមិទ្ធផលធំៗ ៣ ក្នុងការចូលរួមមហាសន្និបាតវិសាមញ្ញ របស់សហព័ន្ធកីឡាប្រដាល់សកលអាស៊ី (Asian Boxing Confederation នៅទីក្រុង Amman ប្រទេសហ្ស៊កដានីកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ កន្លងទៅ។

សមិទ្ធផលសំខាន់ៗដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ទទួលបានពីមហាសន្និបាត ៤ឆ្នាំម្ដងនេះ ទី១-លោក ប៊ុយ សុភ័ណ្ឌ បានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធកីឡាប្រដាល់សកលអាស៊ីសម្រាប់អាណត្តិថ្មី ២០២២-២០២៦ និងមានសិទ្ធិពេញលេញក្នុងការសម្រេចចិត្ត របស់សហព័ន្ធប្រដាល់សកលអាស៊ី។ ទី២.សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានទទួលការគាំទ្រពីសមាគមកីឡាប្រដាល់សកលថៃ ក្នុងការរ៉ាប់រងចំណាយសំបុត្រយន្តហោះ ហូបចុក និងស្នាក់នៅសម្រាប់កីឡាករជម្រើសជាតិកម្ពុជា ៣រូប និងគ្រូបង្វឹក ១រូបចេញទៅបោះជំរំហ្វឹកហាត់ និងប្រកួត Thailand Open 2022 ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសក្រុមជម្រើសជាតិ មុនការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅវៀតណាមនាខែឧសភា ឆ្នាំ២០២២ ខាងមុខ។

ទី៣.សហព័ន្ធកីឡាប្រដាល់សកលអាស៊ី បានឧបត្ថម្ភសម្ភារៈហ្វឹកហាត់ដល់សហព័ន្ធប្រដាល់សកលកម្ពុជា តាមការស្នើសុំរបស់ភាគីកម្ពុជាទៀត។ លោក ប៊ុយ សុភ័ណ្ឌ បានចាត់ទុកនេះគឺជាប្រវត្តិសាស្ដ្រថ្មីមួយ សម្រាប់ប្រដាល់សកលកម្ពុជាដែលមានសមាសភាពថ្នាក់ដឹកនាំសហព័ន្ធ ទទួលបានការគាំទ្រពីបណ្ដាប្រទេសក្នុងទ្វីបអាស៊ី ក្លាយជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាប្រដាល់សកលអាស៊ី ដែលជាសញ្ញាវិជ្ជមានមួយក្នុងការជំរុញវិស័យកីឡាប្រដាល់សកលកម្ពុជាឲ្យកាន់តែរីកចម្រើន និងបំផុសចលនាកីឡាប្រដាល់សកលកម្ពុជាលើឆាកអន្ដរជាតិផងដែរ។ គួរបញ្ជាក់ថា មហាសន្និបាតអាណត្តិឆ្នាំ២០២២-២០២៦ របស់សហព័ន្ធកីឡាប្រដាល់សកលអាស៊ីនេះ គឺមានប្រទេសសមាជិក ៣០ប្រទេសក្នុងទ្វីបអាស៊ីចូលរួម ក្នុងនោះលោក ប៊ុយ សុភ័ណ្ឌ ក៏បានឈរជាបេក្ខភាពសមាជិកគណៈកម្មាធិការប្រតិបត្តិ ហើយត្រូវបានអង្គមហាសន្និបាតបោះឆ្នោតជ្រើសតាំង លោកជាសមាជិកពេញសិទ្ធតែម្ដង៕
អត្ថបទ៖ លី ឈុនឡា