កាលពីថ្ងៃអាទិត្យ ក្រុមជួយសង្រ្គោះ បានរកឃើញសាកសពមនុស្ស ៥នាក់ នៅទីក្រុង Hyderabad ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា ក្រោយអគ្គិភ័យឆាបឆេះហាងលក់គ្រឿងសង្ហារឹមមួយកន្លែង ។
យោងតាមសេចក្តីយការណ៍របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះឡើងកាលពីថ្ងៃសៅរ៍ នៅតំបន់ Nampally ក្នុងនោះក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានប្រើពេលរហូតដល់ ២០ម៉ោង ទើបអាចពន្លត់អគ្គិភ័យមួយនេះបាន ។
លោក Vikram Singh Mann គឺជាអគ្គនាយកនៃនាយកដ្ឋានពន្លត់អគ្គីភ័យរដ្ឋ Telanganនិយាយថា មនុស្ស ៥នាក់ បានជាប់ខ្លួននៅក្នុងហាង ហើយពួកយើងបានរកឃើញសាកសពពួកគេទាំងអស់ ។
លោកបន្តថា ជនរងគ្រោះគឺជាអ្នកយាម ដែលរស់នៅក្នុងបន្ទប់ក្រោមដីនៃហាងលក់គ្រឿងសង្ហារឹមនេះ ហើយសាកសពទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Osmania ៕