អេមីរ៉ាតអារ៉ាប់រួមកាលពីថ្ងៃចន្ទបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនថា នឹងមិនអនុញ្ញាតឲ្យដែនអាកាស ទឹកដី ឬដែនទឹករបស់ខ្លួន ត្រូវបានប្រើប្រាស់ក្នុងសកម្មភាពយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងការបរទេសអារ៉ាប់រួម។

ក្រសួងបានបន្ថែមថា អារ៉ាប់រួមនឹងមិនផ្តល់ការគាំទ្រផ្នែកភស្តុភារណាមួយសម្រាប់ប្រតិបត្តិការយោធាអរិភាពប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ទេ។

ក្រសួងបានបញ្ជាក់ជាថ្មីនូវជំនឿរបស់អារ៉ាប់រួមថា ការសន្ទនា ការបន្ថយភាពតានតឹង ការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាពរបស់រដ្ឋ គឺជាមូលដ្ឋានគ្រឹះដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ដោះស្រាយវិបត្តិបច្ចុប្បន្ន។
អេមីរ៉ាតអារ៉ាប់រួមបានធ្វើសេចក្តីថ្លែងការណ៍នេះ ខណៈដែលភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនៅតែមានកម្រិតខ្ពស់ ដោយសារតែការតវ៉ាថ្មីៗនេះ ដែលបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«កងនាវា» របស់សហរដ្ឋអាមេរិក កំពុងធ្វើដំណើរឆ្ពោះទៅកាន់អាស៊ីខាងលិច ដោយផ្តោតលើអ៊ីរ៉ង់។ ការបង្កើនយោធារបស់សហរដ្ឋអាមេរិក បានកើតឡើង បន្ទាប់ពីការគាំទ្រថ្មីៗរបស់លោក ត្រាំ ចំពោះការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់អ៊ីរ៉ង់។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា ទីក្រុងតេអេរ៉ង់ នឹងផ្តល់ការឆ្លើយតប «ដ៏ទូលំទូលាយ និងគួរឲ្យសោកស្តាយ» ចំពោះការឈ្លានពានណាមួយ៕