បុគ្គលិកថែទាំសុខភាពជាង ៣១.០០០នាក់ មកពីសម្ព័ន្ធថែទាំសុខភាពរួមដ៏ធំមួយដែលមិនរកប្រាក់ចំណេញ ឈ្មោះ Kaiser Permanente របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើកូដកម្មបើកចំហដ៏ធំមួយនៅថ្ងៃចន្ទ (២៦ មករា) នៅទូទាំងមន្ទីរថែទាំសុខភាពចំនួន ២០០កន្លែង និងមន្ទីរពេទ្យចំនួន ២០ស្ថាប័ន នៅរដ្ឋ California និង Hawaii ។

កូដកម្មពាក់ព័ន្ធនឹងបុគ្គលិកពេទ្យជួរមុខរាប់ម៉ឺននាក់នេះ គឺជាសញ្ញានៃការប្រឈមមុខដាក់គ្នាដ៏សំខាន់រវាងបុគ្គលិកសុខាភិបាល និងប្រព័ន្ធថែទាំសុខភាពសាជីវកម្មមិនរកប្រាក់ចំណេញដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក ជុំវិញលក្ខខណ្ឌការងារដ៏យ៉ាប់យ៉ឺន។ អស់ជាច្រើនឆ្នាំមកហើយ បុគ្គលិកព្រមានថា លក្ខខណ្ឌការងារក្នុងមន្ទីរពេទ្យនិងគ្លីនិកទាំងឡាយរបស់សម្ព័ន្ធ Kaiser ក្លាយជាមិនមានសុវត្ថិភាព ហើយកង្វះខាតបុគ្គលិករ៉ាំរ៉ៃ ធ្វើឱ្យបុគ្គលិកប្រចាំនៅមន្ទីរពេទ្យ រ៉ាប់រងបន្ទុកអ្នកជំងឺលើសកម្រិត។
អ្នកដែលចូលរួមក្នុងកូដកម្ម ត្រូវបានតំណាងដោយសហជីពនៃសមាគមគិលានុបដ្ឋាយិកាដ៏ធំមួយរបស់សហរដ្ឋអាមេរិក។ អ្នកចូលរួមការតវ៉ាបាននិយាយថា៖ «សកម្មភាពនេះជារឿងជៀសមិនរួចទេ ព្រោះមន្ទីរពេទ្យតែងតែខ្វះបុគ្គលិក ហើយការងារបន្ថែមនិងម៉ោងធ្វើការដ៏យូរ នាំឱ្យបុគ្គលិកអស់កម្លាំងមិនអាចទ្រាំទ្របាន»។
អ្នកដឹកនាំសហជីពនិយាយថា ការសម្រេចចិត្តធ្វើកូដកម្មចុងក្រោយបំផុតនេះ គឺមកពីក្តីបារម្ភដែលមិនទាន់ដោះស្រាយបាន លើបញ្ហាប្រាក់ឈ្នួល កង្វះបុគ្គលិករ៉ាំរ៉ៃ សុវត្ថិភាពកន្លែងធ្វើការ និងបន្ទុកការងារលើសកម្រិត។ សហជីពចង់បានការដំឡើងប្រាក់ឈ្នួលសរុប ២៥% ក្នុងរយៈពេល ៤ឆ្នាំ ខណៈសម្ព័ន្ធ Kaiser បានស្នើដំឡើងប្រាក់ឈ្នួលចំនួន ២១,៥% ដែលខ្លួនបានពិពណ៌នាថា ជាការផ្តល់ជូនដ៏ធំបំផុតរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន៕


