កាលពី២០ឆ្នាំមុន កម្មវិធីសុនខបានពឹងផ្អែកលើបរទេសជួយគាំទ្របច្ចេកទេសទាំងស្រុង១០០% ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជា តាមរយៈ អង្គភាព CMAC អាចម្ចាស់ខ្លួនឯងការទាំងស្រុង១០០% លើការងារបច្ចេកទេសទាំងការងារបង្កាត់ពូជ ការហ្វឹកហ្វឺនជំនាញផ្សេងៗ និងអាចចែករំលែកដល់អន្តរជាតិទៀតផង។
ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសរសេរបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះថា នៅថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២៦នេះ អង្គភាព CMAC និងតំណាង JICA ក៏ដូចជាក្រុមប្រឹក្សាផ្តល់យោបល់ជប៉ុន បានជួបពិភាក្សាគ្នាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបតិ្តការរវាងមណ្ឌលសុនខ CMAC និងដៃគូនានា ដើម្បីហ្វឹកហ្វឺនអ្នកកាន់សុនខអន្តរជាតិនៅកម្ពុជា និងនាំយកសុនខជំនាញពីកម្ពុជាទៅប្រតិបត្តិការនៅបណ្តាប្រទេសនានាដែលរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាម។
ឯកឧត្តម ហេង រតនាបញ្ជាក់ថា៖«កាលពីជាង២០ឆ្នាំមុននេះ កម្មវិធីសុនខបានពឹងផ្អែកលើបរទេសជួយគាំទ្របច្ចេកទេសទាំងស្រុង១០០% ប៉ុន្តែបច្ចុប្បន្នកាលនេះកម្ពុជា (អង្គភាពCMAC) អាចម្ចាស់ការទាំងស្រុង១០០% លើការងារបច្ចេកទេសទាំងការងារបង្កាត់ពូជ ការហ្វឹកហ្វឺនជំនាញផ្សេងៗ និងអាចចែករំលែកដល់អន្តរជាតិទៀតផង»។
ឯកឧត្តមបានសង្គត់ធ្ងន់ថា៖«កូនខ្មែរត្រូវតែប្រឹងប្រែង ហ្មត់ចត់ម៉ឺងម៉ាត់ និងមានស្មារតីឆន្ទៈម្ចាស់ការ ដើម្បីសម្រេចបានគោលដៅប្រកបដោយនិរន្តភាពសម្រាប់សង្គមជាតិរបស់យើង»៕










