ក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហការពីមន្ត្រីជំនាញនៃ KOICA ប្រទេសកូរ៉េ បានអនុវត្តគម្រោងរួមគ្នា ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យា ICT ក្នុងជួយដល់ដំណើរការសិក្សាលើមុខវិជ្ជា STEM សម្រាប់សិស្សកម្រិតអនុវិទ្យាល័យ។ បច្ចុប្បន្នក្រសួងអប់រំ និង KOICA បាននឹងកំពុងអនុវត្តគម្រោងមួយនេះលើសាលារៀនគោលដៅចំនួន ២០។
ការប្រើប្រាស់បច្ចេកវិទ្យា ICT ក្នុងជួយដល់ដំណើរការសិក្សាលើមុខវិជ្ជា STEM សម្រាប់សិស្សកម្រិតអនុវិទ្យាល័យ នេះ បច្ចុប្បន្នបានអនុវត្តលើពីរកម្រិតថ្នាក់រួចមកហើយ គឺថ្នាក់ទី ៧ និងថ្នាក់ទី៨ លើសាលារៀនគោលដៅទាំង ២០ នៅខេត្តកណ្ដាល ព្រៃវែង កំពង់ចាម និងខេត្តតាកែវ។ បច្ចុប្បន្នមន្ត្រីជំនាញនៃក្រសួងអប់រំ និងមន្ត្រីជំនាញនៃ KOICA កំពុងធ្វើការបណ្ដុះបណ្ដាលលើគរុនិស្សិត ក៏ដូចជាគ្រូបង្រៀនថ្នាក់ទី ៩ មកពីសាលារៀនគោលដៅទាំង ២០ លើសៀវភៅគោលដែលត្រូវបានរៀបចំឡើង ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យា ICT ដែលជាជំនួយដល់ការបង្រៀនមុខវិជ្ជា STEM។
លោក ជ សុភា ប្រធានដេប៉ាតឺម៉ង់ ICT នៃវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ លើកឡើងថា វាជាភាពចាំបាច់ក្នុងការប្រើប្រាស់ ICT ក្នុងការជួយដល់ការយល់ដឹងរបស់សិស្សលើ មុខវិជ្ជាទាំង ៥ ដែលរួមមានរូបវិទ្យា ជីវវិទ្យា គីមីវិទ្យា ផែនដីវិទ្យា និងគណិតវិទ្យា។ លោកបញ្ជាក់ថា ការប្រើប្រាស់ ICT ជាជំនួយនេះ នឹងជួយឱ្យសិស្សយល់ដឹងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តផ្ទាល់លើទូរស័ព្ទដៃ ចៀសជាងការសិក្សាត្រឹមតែទ្រឹះស្ដី។
សម្រាប់គរុនិស្សិត និងគ្រូបង្រៀនថ្នាក់ទី៩ មកពីសាលារៀនគោលដៅទាំង ២០ ដែលកំពុងទទួលបានការបណ្ដុះបណ្ដាលរយៈពេលប៉ុន្មានថ្ងៃមកនេះ លើកឡើងថា នេះជាការបណ្ដុះបណ្ដាលដែលមានអត្ថប្រយោជន៍ជាច្រើន សម្រាប់ការផ្ទេរចំណេះដឹងទៅកាន់សិស្ស ជួយឱ្យសិស្សងាយសិក្សាលើមុខវិជ្ជា STEM ទាំងនោះ។
សម្រាប់គម្រោងមួយនេះ មានឈ្មោះជាផ្លូវការថា គម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សា បឋមភូមិ នៅកម្ពុជា។ ការអនុគម្រោងនេះ មានការចាប់ផ្ដើមពីឆ្នាំ២០២១ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២៦នេះ។ ចំពោះទីតាំងអនុវត្តគម្រោង រួមមានមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ៤ និងសាលារៀនគោលដៅទាំង ២០ ដែលស្ថិតនៅខេត្តកណ្ដាល តាកែវ ព្រៃវែង និងខេត្តកំពង់ចាម។
ជាការគ្រោងក្រសួងអប់រំ ក៏នឹងចែករំលែកសៀវភៅគោលទាំង ៣កម្រិតថ្នាក់ និងធ្វើការបណ្ដុះបណ្ដាលបន្ថែម ទៅកាន់សាលារៀនដទៃ ក្រៅពីសាលារៀនគោលដៅផងដែរ៕ អត្ថបទ៖ គឹមហុក










