ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា កាលពីថ្ងៃអង្គារ (ទី២៧ ខែមករា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិក បានចាប់ផ្តើមលែងរាំងខ្ទប់មូលនិធិរបស់ប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះ ដែលត្រូវបានបង្កកដោយសារតែការដាក់ទណ្ឌកម្ម ដោយនេះជាសញ្ញាចុងក្រោយនៃការផ្សះផ្សា រវាងគូសត្រូវដ៏យូរអង្វែងនេះ។
ទីក្រុងការ៉ាកាស បានស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមទាំងទណ្ឌកម្មលើប្រេងផងដែរ គិតចាប់តាំងពីឆ្នាំ២០១៩ បន្ទាប់ពីមានការអះអាងដ៏ចម្រូងចម្រាសលើកដំបូងរបស់លោក Nicolas Maduro អំពីការជាប់ឆ្នោតឡើងវិញ កាលពីឆ្នាំមុន។

ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានបង្កកមូលនិធិរបស់វ៉េណេស៊ុយអេឡា នៅក្នុងគណនីអន្តរជាតិផងដែរ ដែលលោក Maduro បានប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០២២ មានចំនួនប្រហែល ៣០ពាន់លានដុល្លារ។
តាមរយៈទូរទស្សន៍រដ្ឋ លោកស្រី Delcy Rodriguez ដែលបានក្លាយជាប្រធានាធិបតីស្ដីទី ចាប់តាំងពីលោក Maduro ត្រូវបានផ្តួលរំលំក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែមករា បាននិយាយថា៖ «យើងកំពុងរួចផុតពីការរាំងខ្ទប់ធនធានរបស់ប្រទេសវេណេស៊ុយអេឡា ដែលជាកម្មសិទ្ធិរបស់ប្រជាជនវេណេស៊ុយអេឡា»។
លោកស្រីបានបន្ថែមថា៖ «នេះនឹងអាចឲ្យយើងវិនិយោគធនធានសំខាន់ៗ លើឧបករណ៍ សម្រាប់មន្ទីរពេទ្យ ពោលគឺជាឧបករណ៍ដែលយើងកំពុងទទួលបាន ទាំងនៅសហរដ្ឋអាមេរិក និងនៅប្រទេសដទៃទៀត»។
តែយ៉ាងណាក្ដី លោកស្រីមិនបានបញ្ជាក់ឲ្យដឹងពីចំនួនទឹកប្រាក់នោះឡើយ។ ក្រោមការឃ្លាំមើលរបស់លោកស្រី Rodriguez កិច្ចព្រមព្រៀងជាច្រើន ត្រូវបានធ្វើឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងរបបវេណេស៊ុយអេឡាបណ្ដោះអាសន្ន៕
