ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ី និយាយថា ប្រតិបត្តិការរុករកមនុស្សបាត់ខ្លួន ៣២នាក់ ក្រោយបំណាក់ដីនៅខេត្តជ្វាខាងលិចរបស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានរារាំងដោយភ្លៀងធ្លាក់នាព្រឹកថ្ងៃពុធនេះ ។
បំណាក់ដីបានវាយប្រហារភូមិ Pasir Langu ស្ថិតនៅភាគខាងលិចតំបន់ Bandung កាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន ដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងកាលពីរយៈពេល ១ថ្ងៃមុន ។ ភូមិមួយនេះ ស្ថិតនៅតំបន់ភ្នំដែលមានចម្ងាយប្រហែល ១០០គ.មភាគអាគ្នេយ៍រដ្ឋធានីហ្សាកាតា ។

ចំនួនមនុស្សស្លាប់ដែលត្រូវបានរាយការណ៍ចុងក្រោយ បានកើនឡើងដល់ ៣៤នាក់ ហើយមនុស្ស ២៣នាក់ផ្សេងទៀត បានរស់រានពីគ្រោះមហន្តរាយមួយនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានប្រតិបត្តិការនៃទីភ្នាក់ងារជួយសង្រ្គោះ និងរុករកជាតិ Basarnas លោក Yudhi Bramantyo និយាយថា ពួកគេបានរកឃើញថង់សាកសពចំនួន ៤៨ថង់ ។
ក្រុមជួយសង្រ្គោះ មន្រ្តីយោធា និងនគរបាលយ៉ាងហោច ៨០០នាក់ ជាមួយគ្រឿងចក្រ ត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកមនុស្សបាត់ខ្លួន ៕
