នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលចាក់ផ្សាយដោយទូរទស្សន៍ជាតិថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីននៅលើទឹកដីនៃតំបន់ហ្កាហ្សាស្ទ្រីបទេ។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា៖«ខ្ញុំបានឮរបាយការណ៍ថា យើងនឹងអនុញ្ញាតឲ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។ រឿងនេះ មិនបានកើតឡើងទេ ហើយនឹងមិនកើតឡើងទេ»។
លោកបានបន្ថែមថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យ «ការកសាងឡើងវិញនូវតំបន់ហ្កាហ្សា មុនពេលមានការរំសាយយោធា» ហើយនឹងមិនអនុញ្ញាតឲ្យមានវត្តមានយោធាទួរគី និងកាតា នៅទីនោះទេ។
លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា៖«អ៊ីស្រាអែលនឹងគ្រប់គ្រងសន្តិសុខលើទឹកដីនេះទាំងមូល ចាប់ពីទន្លេហ្ស៊កដានី រហូតដល់សមុទ្រមេឌីទែរ៉ាណេ ហើយចំណាត់ការនេះ ក៏អនុវត្តចំពោះតំបន់ហ្កាហ្សា ស្ទ្រីបដែរ»។
លោកបាននិយាយថា បន្ទាប់ពីការប្រគល់សាកសពចំណាប់ថ្នូរចុងក្រោយរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃទី ២៦ ខែមករា អ៊ីស្រាអែល «នៅតែផ្តោតលើការសម្រេចគោលដៅពីរដែលនៅសល់ នៃប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ការរំសាយអាវុធរបស់ក្រុមហាម៉ាស និងការរំសាយយោធានៅតំបន់ហ្កាហ្សា»៕
