
អ្នកស្រុករាប់ម៉ឺននាក់រស់នៅក្នុងសហគមន៍បណ្តែតទឹកប្រវត្តិសាស្រ្ត Makoko ស្ថិតលើបឹង Lagos ត្រូវបានគេទុកចោលដោយគ្មានផ្ទះសម្បែងរស់នៅ ក្រោយអាជ្ញាធរនីហ្សេរីយ៉ា រុះរើផ្ទះបណ្តែតទឹករបស់ពួកគេ ធ្វើឲ្យជម្លៀសខ្លួនគ្រួសារដែលធ្លាប់រស់នៅលើបឹង Lagos អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ។
អ្នកស្រុកបានត្រឹមឈរមើលផ្ទះឈើរបស់ពួកគេ ត្រូវបានគេរុះរើនៅលើបឹងដែលធ្លាប់ស្ថិតក្នុងចំណោមការតាំងលំនៅបណ្តែតទឹកធំបំផុតរបស់អាហ្វ្រិក ជាទីដែលផ្លូវទឹកដ៏តួចចង្អៀតក្លាយជាផ្លូវ ការនេសាទ និងការជួញដូរក្រៅផ្លូវការ ដើម្បីទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។
លោក Abayomi Messou វ័យ ៣០ឆ្នាំ គឺជាម្ចាស់ធុរកិច្ចភស្តុភារខ្នាតតូចដែលដឹកទំនិញតាមទូកនិយាយថា លោកបាត់បង់ទាំងផ្ទះសម្បែង និងជីវភាពរស់នៅប្រចាំថ្ងៃ ។
លោកបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ចាប់តាំងពីពួកគេរុះរើសហគមន៍ទាំងមូល រាល់អតិថិជនរបស់លោកបានខ្ចាត់ខ្ចាយអស់គ្មានសល់ ។ ធុរកិច្ចលែងដំណើរការបានទៀតហើយ លោកគ្រាន់តែនៅជាប់ខ្លួនប៉ុណ្ណោះ មិនដឹងថាតើគួរទៅទីណា ។
អ្នកស្រុកផ្សេងទៀត នាំគ្នារត់ភៀសខ្លួនជាមួយទារក និងសាច់ញាតិវ័យចំណាស់របស់ពួកគេ ពេលដែលផ្ទះបណ្តែតទឹករបស់ពួកគេ បាក់រលំ ។
អ្នកស្រុកម្នាក់ដែលអង្គុយជាមួយកូនៗរបស់គាត់នៅក្នុងជម្រកបណ្តោះអាសន្ន និយាយថា គ្មានកន្លែងឲ្យពួកយើងបានដេកពួននោះទេ ពួកយើងមានកូនច្រើនណាស់ ។ ពួកយើងពុំប្រមូលបានអ្វីនោះទេ ផ្ទះរបស់ពួកយើង ត្រូវបានគេកម្ទេចចោល ។
អ្នកស្រីបន្តថា ការរុះរើនេះ មិនមែនត្រឹមតែផ្ទះប៉ុណ្ណោះទេ សូម្បីសាលារៀនក៏រៀបដល់ដីផងដែរ ធ្វើឲ្យក្មេងៗពុំបានចូលរៀននោះទេ។
សូមបញ្ជាក់ថា សហគមន៍ផ្ទះបណ្តែតទឹក Makoko ប្រឈមនឹងការគំរាមកំហែងបណ្តេញចេញជាយូរមកហើយ ខណៈដែលក្រុមអាជ្ញាធរលើកឡើងពីហានិភ័យបរិស្ថាន ក្តីកង្វល់សុខភាពសាធារណៈ និងផែនការកែលម្អទីក្រុង ។ អ្នកស្រុកជាច្រើនធ្វើការជាអ្នកនេសាទ ហើយបច្ចុប្បន្នពួកគេនិយាយថា ពួកគេគ្មានកន្លែងត្រូវទៅនោះទេ ។
ការប៉ុនប៉ងបោសសម្អាតទីនេះ រួមទាំងការរុះរើផ្ទះកាលពីឆ្នាំ ២០១២ដែរនោះ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការបណ្តេញចេញទាំងបង្ខំ ដោយគ្មានផែនការផ្តល់ទីជម្រកថ្មីដល់អ្នកស្រុក ៕