នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបើកជំនួបកំពូលជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍ (២៩ មករា) នេះ សម្រាប់កិច្ចពិភាក្សាដែលលោកសង្ឃឹមថា នឹងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចរបស់ភាគីទាំងពីរកាន់តែស៊ីជម្រៅ ដែលជាសញ្ញានៃការទម្លាយភាពទាល់ច្រកក្នុងទំនាក់ទំនងទ្វេភាគី បន្ទាប់ពីការមិនទុកចិត្ត និងភាពខ្វែងគំនិតគ្នាអស់ជាច្រើនឆ្នាំ។

នៅថ្ងៃដ៏សំខាន់បំផុតនៃដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់លោកទៅកាន់ប្រទេសចិន លោក Starmer ត្រូវបានស្វាគមន៍ដោយលោក Xi នៅឯសាលប្រជុំប្រជាជនដ៏ធំ សម្រាប់កិច្ចពិភាក្សាមួយដែលត្រូវបានគេរំពឹងថា នឹងមានរយៈពេលប្រហែល ៤០នាទី មុនពេលទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នា។
នៅពេលចាប់ផ្តើមកិច្ចប្រជុំ លោក Starmer បានប្រាប់លោក Xi ថា «ប្រទេសចិន គឺជាតួអង្គសំខាន់មួយលើឆាកពិភពលោក ហើយការកសាងទំនាក់ទំនងដ៏ទំនើបជាងមុនរវាងភាគីទាំងពីរ គឺមានសារៈសំខាន់ណាស់»។ លោក Xi បានបើកកិច្ចប្រជុំដោយនិយាយថា ទំនាក់ទំនងជាមួយចក្រភពអង់គ្លេស បានឆ្លងកាត់ «ភាពបត់បែន និងការប្រែប្រួល» ដែលមិនបានបម្រើផលប្រយោជន៍ដល់ប្រទេសណាមួយឡើយ ហើយថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង។
លោក Starmer បានកំណត់ការកែលម្អទំនាក់ទំនងជាមួយចិន ថាជាអាទិភាពមួយរបស់លោក ដោយសង្ឃឹមថា ចំណុចនេះអាចផ្តល់ឱកាសអាជីវកម្មកាន់តែច្រើន។ សាស្ត្រាចារ្យផ្នែកសិក្សាភាសាចិននៅមហាវិទ្យាល័យទីក្រុងឡុងដ្រ៍ បាននិយាយថា កិច្ចព្រមព្រៀងមួយចំនួនរវាងចក្រភពអង់គ្លេស និងចិន នឹងត្រូវបានប្រកាស ដើម្បីបង្ហាញពីភាពប្រសើរឡើងនៃទំនាក់ទំនង៕


