រដ្ឋមន្ត្រីការបរទេសមកពីអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករានេះ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗនានានៅក្នុងតំបន់ រួមមានទាំងភាពតានតឹងនៅសមុទ្រចិនខាងត្បូង សង្គ្រាមស៊ីវិលដែលកំពុងកើនឡើងនៅមីយ៉ាន់ម៉ា និងជម្លោះព្រំដែនរវាងប្រទេសថៃនិងកម្ពុជា។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន មានគោលបំណងកំណត់របៀបវារៈរបស់ប្លុកសម្រាប់ឆ្នាំនេះ ក្រោមការដឹកនាំរបស់ប្រទេសហ្វីលីពីន។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី ម៉ា ថេរេសា ឡាហ្សារ៉ូ (Ma. Theresa Lazaro) បានថ្លែងទៅកាន់សមភាគីអាស៊ានថា បរិយាកាសសន្តិសុខសកលកាន់តែមានបញ្ហា «ប្រឈមច្រើន ស្មុគស្មាញនិងមានទំនាក់ទំនងគ្នាទៅវិញទៅមក»។
លោកស្រី បានសន្យាថា ទីក្រុងម៉ានីលនឹងបន្តរក្សាសណ្តាប់ធ្នាប់ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងរក្សាការប្រកាន់ខ្ជាប់របស់អាស៊ានចំពោះគោលការណ៍នៃភាពអត់ធ្មត់ ការសន្ទនា និងច្បាប់អន្តរជាតិ។

ទីក្រុងម៉ានីល នៅឆ្នាំនេះក៏មានគោលបំណងបញ្ចប់ក្រមប្រតិបត្តិដែលត្រូវបានពន្យារពេលជាយូរមកសម្រាប់សមុទ្រចិនខាងត្បូង ជាកន្លែងដែលភាពតានតឹងកើនឡើងក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ។