នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ (ទី២៨ ខែមករា ឆ្នាំ២០២៦) បានទទួលបានសំឡេងគាំទ្រភាគច្រើន នៅក្នុងសភា ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៦ របស់រដ្ឋាភិបាលលោក អំឡុងការបោះឆ្នោតដំបូង។
លោក Netanyahu បានដឹកនាំរដ្ឋាភិបាលសំឡេងភាគតិច ចាប់តាំងពីឆ្នាំមុន ហើយកាលពីថ្ងៃអង្គារ មុនពេលមានការបោះឆ្នោត លោកបានសម្តែងក្ដីបារម្ភ ជុំវិញការទទួលបានការគាំទ្រពីសមាជិកសភាអូថូដុកនិយមជ្រុល ដែលបានចាកចេញពីរដ្ឋាភិបាល ក្នុងខែកក្កដា។ លោកបាននិយាយនៅថ្ងៃនោះថា៖ «ខ្ញុំគិតថា រឿងចុងក្រោយដែលយើងត្រូវការ នាពេលនេះ គឺការបោះឆ្នោត។ យើងនឹងមានការបោះឆ្នោត ចុងឆ្នាំនេះ ប៉ុន្តែខ្ញុំគិតថា វាគឺជាកំហុសឆ្គង ក្នុងការរៀបចំការបោះឆ្នោតឥឡូវនេះ»។

ការខកខានមិនទទួលបានការអនុម័តច្បាប់ថវិកាត្រឹមថ្ងៃទី៣១ ខែមីនា នឹងបង្កឲ្យមានការរំលាយសភាដោយស្វ័យប្រវត្តិ ហើយការបោះឆ្នោតនឹងត្រូវធ្វើឡើង មុនពេលបញ្ចប់អាណត្តិសភាបច្ចុប្បន្ន នៅក្នុងខែវិច្ឆិកា។
សភា Knesset ដែលមានសមាជិក ១២០រូប បានអនុម័តសេចក្តីព្រាងច្បាប់ថវិកានេះ នៅក្នុងការបោះឆ្នោតដំបូង ដោយទទួលបានសំឡេងគាំទ្រ ៦២ ទល់នឹង ៥៥។ ប៉ុន្មានថ្ងៃថ្មីៗនេះ បានឃើញមានចលនានយោបាយដ៏ខ្លាំងក្លា ប៉ុន្តែគណបក្ស Shas ដែលជាគណបក្សអូថូដុកនិយមជ្រុលដ៏ធំ បានបោះឆ្នោតគាំទ្រ ក៏ដូចជាពីសមាជិកសភាជ្រុលនិយម Ashkenazi (ក្រុមជនជាតិជ្វីហ្វនិយមជ្រុល) មួយចំនួនផងដែរ ជាអ្វីដែលបានផ្ដល់ភាពធូរស្រាលដល់លោក Netanyahu៕
