មន្រ្តី ២រូបរបស់សហរដ្ឋអាមេរិក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងប្រគល់នាវាដឹកប្រេងមួយគ្រឿងដែលរឹបអូសបានក្នុងខែនេះឲ្យប្រទេសវេណេស៊ុយអេឡាវិញ ។
សហរដ្ឋអាមេរិក បានចុះប្រតិបត្តិការរយៈពេលច្រើនខែ ដើម្បីរឹបអូសនាវាដឹកប្រេងដែលពាក់ព័ន្ធនឹងវេណេស៊ុយអេឡា ដោយធ្វើការវាយឆ្មក់ ៧លើក ចាប់តាំងពីចុងឆ្នាំមុនរហូតមក ។
ក្រុមមន្រ្តីដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា នាវាដឹកប្រេងដែលនឹងត្រូវប្រគល់ជូនអាជ្ញាធរវេណស៊ុយអេឡាវិញ គឺនាវា M/T Sophia ដោតទង់ជាតិប៉ាណាម៉ា ។ ពួកគេមិនបាននិយាយនោះទេ ពីហេតុផលដែលនាវាដឹកប្រេងនេះ ត្រូវប្រគល់ជូនវេណេស៊ុយអេឡាវិញ ។

កងឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិកដែលដឹកនាំប្រតិបត្តិការរឹបអូសនាវា ពុំបានឆ្លើយតបភ្លាមៗនោះដែរចំពោះសំណើរសុំសេចក្តីអត្ថាធិប្បាយ ។
នាវា Sophia បានដឹកប្រេង ពេលវាត្រូវបានឃាត់ទុកកាលពីថ្ងៃទី ៧ ខែមករាកន្លងទៅ ដោយឆ្មាំល្បាតឆ្នេរ និងកងកម្លាំងយោធាសហរដ្ឋអាមេរិក ។
ប្រភពមួយក្នុងចំណោមប្រភពជាច្រើន ពុំបានដឹងនោះទេថាតើ នាវា Sophia នៅមានប្រេងឬអត់ ។
សូមបញ្ជាក់ថា លោក Trump បានផ្តោតសំខាន់គោលនយោបាយបរទេសរបស់លោកនៅអាមេរិកឡាទីន លើប្រទេសវេណេស៊ុយអេឡា ដោយដំបូងឡើងលោកមានគោលដៅទម្លាក់អំណាចរបស់លោកប្រធានាធិបតី Nicolas Maduro ។
ចាប់តាំងពីពេលនោះមក លោក Trumpនិយាយថា អាមេរិកមានផែនការគ្រប់គ្រងធនធានប្រេងរបស់វេណេស៊ុយអេឡា ខណៈដែលពួកគេព្យាយាមបង្កើតឡើងវិញឧស្សាហកម្មប្រេងទ្រុឌទ្រោមរបស់ប្រទេសមួយនេះ ក្នុងផែនការតម្លៃ ១០០ពាន់លានដុល្លារ ៕
