មន្ត្រីសុខាភិបាល បានប្រាប់ឲ្យដឹងថា ការបាញ់ប្រហាររបស់អ៊ីស្រាអែល បានបណ្ដាលឲ្យជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២នាក់ស្លាប់ នៅតំបន់ហ្កាហ្សា ដែលជាឧប្បត្តិហេតុហិង្សាចុងក្រោយបំផុត ខណៈដែលក្រុមហាម៉ាស និងប្រទេសអ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។
ក្រុមគ្រូពេទ្យបានប្រាប់ថា បុរស ២នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល នៅភាគខាងកើតទីក្រុង Khan Younis ជាតំបន់មួយនៅជាប់នឹងកន្លែងដែលកងទ័ពធ្វើប្រតិបត្តិការ។ យោធាអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីភ្លាមៗឡើយ។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បានឲ្យដឹងថា ការបាញ់ប្រហាររបស់អ៊ីស្រាអែល បានឆក់យកជីវិតមនុស្ស ៤៩០នាក់យ៉ាងតិច ចាប់តាំងពីបទឈប់បាញ់ បានចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន នៅក្នុងដែនដីដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម។
ចំណែកអ៊ីស្រាអែលបានបញ្ជាក់ថា ទាហាន ៤នាក់ត្រូវបានសម្លាប់ដោយពួកសកម្មប្រយុទ្ធ នៅទំបន់ហ្កាហ្សា ក្នុងរយៈពេលដូចគ្នា។ ភាគីទាំង២ បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ជុំវិញការរំលោភលើបទឈប់បាញ់។
ដោយកំពុងឆ្ពោះទៅដល់ដំណាក់កាលទី២ សហរដ្ឋអាមេរិក និងដៃគូសម្របសម្រួលរបស់ខ្លួន ត្រូវតែប្រឈមនឹងបញ្ហាដ៏ចម្រូងចម្រាសបន្ថែមទៀត អំពីការរំសាយអាវុធរបស់ក្រុមហាម៉ាស ដែលក្រុមនេះបានបដិសេធជាយូរមកហើយ។ ផែនការនេះក៏អំពាវនាវផងដែរឲ្យដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ៕