លោក Natthaphong Ruengpanyawut មេដឹកនាំគណបក្សប្រជាជនរបស់ប្រទេសថៃ ដែលជាបក្សជឿនលឿន បានបន្តនាំមុខនៅក្នុងការស្ទង់មតិនៅថ្ងៃសុក្រ (៣០ មករា) នេះ ដោយបានបង្ហាញពីបញ្ហាប្រឈមដ៏លំបាកមួយ ដែលលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul កំពុងប្រឈមមុខ ដើម្បីបន្តរក្សាអំណាចរបស់ខ្លួន មុនការបោះឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ។

ការបោះឆ្នោតខែកុម្ភៈ បានឈានដល់ការប្រណាំងប្រជែងយ៉ាងក្ដៅគគុករវាងបេក្ខជនមកពីបក្សនយោបាយចំនួន៣ នោះគឺគណបក្សអភិរក្សនិយម ភូមិចៃថៃ របស់លោក Anutin គណបក្សភឿថៃដែលជាអតីតបក្សកាន់អំណាច និងគណបក្សប្រជាជនថៃ ដែលជាក្រុមកំណែទម្រង់។

ការស្ទង់មតិមួយដោយសាកលវិទ្យាល័យសួនឌូស៊ីត ចេញផ្សាយនៅថ្ងៃសុក្រនេះ បាននិយាយថា លោក Natthaphong ឈរនៅលេខរៀងទីមួយ ដោយត្រូវបានគាំទ្រដោយអ្នកឆ្លើយតប ៣៥,១% ខណៈបេក្ខជនរបស់គណបក្សភឿថៃ សម្រាប់តំណែងនាយករដ្ឋមន្ត្រី គឺលោក Yoshanan Wongsawat ឈរនៅលេខរៀងទីពីរក្នុងសំឡេងគាំទ្រ ២១,៥% ចំណែកលោក Anutin ឈរនៅលេខរៀងទីបីក្រោយគេ ជាមួយនឹងសំឡេងគាំទ្រ ១៦,១%។
គួរឱ្យដឹងថា បក្សប្រជាជនថៃនេះ គឺជាអ្នកស្នងតំណែងរបស់បក្សបោះជំហានទៅមុខ (Move Forward) ដែលបានឈ្នះឆ្នោតឆ្នាំ២០២៣ ប៉ុន្តែក្រោយមក ត្រូវបានសមាជិកសភាអភិរក្សនិយម រារាំងមិនឱ្យបង្កើតរដ្ឋាភិបាល ហើយក្រោយមកទៀត បក្សនោះក៏ត្រូវបានរំលាយដោយដីការបស់តុលាការ។
លោក Anutin កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំមុន បានអំពាវនាវឱ្យមានការបោះឆ្នោតមុនអាណត្តិ បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្ត្រីមិនដល់ ១០០ថ្ងៃផង ក្នុងអំឡុងពេលសម័យប្រជុំសភាដ៏ច្របូកច្របល់ ដែលអាចនាំឱ្យមានការបោះឆ្នោតដកសេចក្ដីទុកចិត្ត និងការដួលរលំនៃរដ្ឋាភិបាលសំឡេងភាគតិចដ៏ផុយស្រួយរបស់ខ្លួន៕