ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នឹងបន្តបើកយុទ្ធនាការចុះផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប ដែលនាំយកឱកាសការងារចំនួនជិត ៩ម៉ឺនកន្លែង ទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣០ ខែមករានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងនឹងបន្តបើកយុទ្ធនាការដូចភ្លៀងរលឹមសម្រាប់ឆ្នាំ២០២៦នេះ ជាក់ស្តែងនៅចុងសប្តាហ៍នេះនឹងរៀបចំនៅស្រុកចំនួន២ គឺស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ខេត្តសៀមរាប។
ឯកឧត្តមបានឱ្យដឹងថា បច្ចុប្បន្ននេះ តម្រូវការជ្រើសរើសកម្លាំងពលកម្មដែលត្រូវការខ្ពស់ជាងគេ គឺវិស័យឧស្សាហកម្ម, កសិកម្ម, កសិ-ឧស្សាហកម្ម និងសេវាកម្ម ដែលមានតម្រូវការការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំអ្នកស្វែងរកការងារ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ចំពោះអ្នកដែលមិនមានជំនាញ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ មិនមែនជាបញ្ហាឧបសគ្គទេក្នុងការដោះស្រាយ ពីព្រោះក្រសួងការងារបានកំពុងរៀបចំវគ្គបណ្តុះបណ្តាលជំនាញដេររយៈពេល ៧ថ្ងៃ ដោយឥតគិតថ្លៃ ដែលជាគម្រោងដ៏ល្អមួយ ក្នុងការផ្តល់ជូនប្រជាពលរដ្ឋទាំងការស្នាក់នៅ ហូបចុក និងថ្លៃទឹកថ្លៃភ្លើងជាដើម ដើម្បីបង្ករភាពងាយស្រួលជូនដល់អ្នកស្វែងរកការងារ និងចង់មានចំណូលផ្គត់ផ្គង់ជីវភាពរស់នៅ។
បើតាម ឯកឧត្តមអ្នកនាំពាក្យ គិតចាប់ពីខែសីហា ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ ក្រសួងការងារ បានណែនាំរោងចក្រ សហគ្រាស ឱ្យជួយសម្រួលទទួលយកបងប្អូនអតីតពលករក្នុងការបណ្តុះបណ្តាល បើទោះបីគាត់មិនមានជំនាញក៏ដោយ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ចំពោះបងប្អូនមកពីថៃដែលកំពុងមានការងារធ្វើហើយ ក៏អាចចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយឥតគិតថ្លៃ របស់រាជរដ្ឋាភិបាលកម្ពុជានៅទូទាំងរាជធានី ខេត្ត ដើម្បីបណ្តុះបណ្តាលជំនាញរបស់ខ្លួន បង្កើនសមត្ថភាព ផលិតភាព ដែលមានបំណងចង់បង្កើតជាអាជីវកម្មផ្ទាល់ខ្លួនទៅអនាគតក៏បានដែរ។
ឯកឧត្តម ស៊ុន មេសា បានអំពាវនាវប្រជាពលរដ្ឋ និងអតីតពលករ ពលការិនី ចូលរួមឱ្យបានច្រើនកុះករ ជាពិសេសអ្នកចង់បានការងារ ហើយមិនចេះសូមកុំបារម្ភ ពីព្រោះទាំងនោះ ក្រៅពីមន្រ្តីរបស់ក្រសួងការងារ ក៏មានដែររោងចក្រ សហគ្រាស នឹងចុះទៅដោយផ្ទាល់ផងដែរ ដើម្បីធ្វើការផ្តល់ព័ត៌មានកាន់តែលម្អិតជូន។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរដែលបានចាកចេញពីប្រទេសថៃ មានចំនួនសរុបប្រមាណជិត ១លាននាក់ ដើម្បីវិលត្រឡប់មកស្វែងរកការងារ ក៏ដូចជាមករស់នៅក្នុងប្រទេសកម្ពុជាវិញ។ ក្នុងនោះ អ្នកទទួលបានការងារតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធ ចំនួនកើនឡើងជាង ៦០ម៉ឺននាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី






