យោធាបាននិយាយថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលមានការគាំទ្រពីយានដ្រូនប្រដាប់អាវុធ បានវាយឆ្មក់លើមូលដ្ឋានទ័ពមួយនៅរដ្ឋបូរណូភាគឦសានរបស់ប្រទេសនីហ្សេរីយ៉ា ដោយបានសម្លាប់ទាហានជាច្រើននាក់ កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ជាការវាយប្រហារលើកទី២ ដែលបានរាយការណ៍នៅទីនោះ ក្នុងសប្តាហ៍នេះ។

អ្នកនាំពាក្យយោធា លោកវរៈសេនីយ៍ឯក Sani Uba បានអះអាងថា ការប្រើប្រាស់យានដ្រូនដោយក្រុមយុទ្ធជនមកពីក្រុមរដ្ឋអ៊ីស្លាម Daesh ( ក្រុមភេរវករ Daesh-WAP) នៅខេត្តអាហ្វ្រិកខាងលិច ក្នុងការវាយប្រហារថ្មីៗនេះ បានបង្ហាញពីការកើនឡើងនៃអំពើហិង្សាគួរឲ្យកត់សម្គាល់ នៅក្នុងតំបន់នេះ។
លោក Uba បាននិយាយថា ក្រុមសកម្មប្រយុទ្ធ បានវាយប្រហារមូលដ្ឋាន Sabon Gari មុនពេលថ្ងៃរះ ដោយវាយលុកបរិវេណ និងបានបំផ្លាញមួយផ្នែកនៃមូលដ្ឋាននោះ។

លោកបានបន្ថែមថា ខណៈពេលដែលពួកគេកំពុងប្រយុទ្ធគ្នា ការវាយប្រហារដោយដ្រូនរបស់ពួកគេ បានបំផ្លាញយានយន្តយោធាជាច្រើនគ្រឿង រួមទាំងអេស្កាវេទ័រ និងរថយន្តសណ្តោងមួយគ្រឿង។
លោក Uba បាននិយាយថា កងទ័ពបានគ្រប់គ្រងឡើងវិញ បន្ទាប់ពីកម្លាំងជំនួយ បានមកដល់ និងបានវាយបកលើការវាយប្រហារនោះ និងតាមចាប់ក្រុមសកម្មប្រយុទ្ធ។
លោកបានបន្តថា ទាហាន និងសមាជិកក្រុមការងាររួមស៊ីវិលមួយចំនួន បានស្លាប់ នៅក្នុងឧប្បត្តិហេតុនោះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួននោះទេ៕