រដ្ឋាភិបាលស៊ីរី និងកងកម្លាំងឃឺដ បានប្រកាសពីកិច្ចព្រមព្រៀងឈប់បាញ់ កាលពីថ្ងៃសុក្រ (ទី៣០ ខែមករា) ដែលកំណត់ពីការធ្វើសមាហរណកម្មជាដំណាក់កាលនៃយុទ្ធជនរបស់កងកម្លាំងឃឺដចូលទៅក្នុងរដ្ឋ ដោយបញ្ចៀសការប្រយុទ្ធបង្ហូរឈាមដែលអាចកើតមាន ជាការស្រុះស្រួលដែលទទួលបានការសាទរពីសហរដ្ឋអាមេរិក ដោយចាត់ទុកថា ជា «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ»។
ភាគីទាំង២ បានប្រកាសពីកិច្ចព្រមព្រៀងនេះ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Ahmed al-Sharaa បានដណ្តើមកាន់កាប់តំបន់ភាគខាងជើង និងភាគខាងកើតនៃប្រទេសស៊ីរី ពីក្រុមកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយជនជាតិឃឺដ ក្នុងខែនេះ ដោយបង្ខំឲ្យកងកម្លាំងឃឺដដកថយចូលទៅក្នុងតំបន់តូចមួយនៅភាគឦសាន។
ជោគវាសនារបស់ក្រុម SDF ដែលធ្លាប់កាន់កាប់ ១ភាគ៤ ឬច្រើនជាងនេះ នៅស៊ីរី គឺជាបញ្ហាធំបំផុតមួយដែលកំពុងកើតឡើងនៅក្នុងប្រទេសនេះ ចាប់តាំងពីយុទ្ធជនឥស្លាមនិយមដឹកនាំដោយលោក Sharaa បានផ្តួលរំលំលោកប្រធានាធិបតី Bashar al-Assad កាលពី ១៤ខែមុន។
លោក Tom Barrack បេសកជនសហរដ្ឋអាមេរិក ដែលបានចូលរួមយ៉ាងជិតស្និទ្ធ ក្នុងកិច្ចប្រឹងប្រែងសម្របសម្រួល បានប្រកាសពីកិច្ចព្រមព្រៀងនេះថា «ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំធេងមួយ នៅក្នុងដំណើររបស់ស៊ីរីឆ្ពោះទៅរកការផ្សះផ្សាជាតិ ឯកភាព និងស្ថិរភាពយូរអង្វែង»។
គួរបញ្ជាក់ថា ក្រុម SDF ធ្លាប់ជាសម្ព័ន្ធមិត្តសំខាន់របស់ទីក្រុងវ៉ាស៊ីនតោននៅស៊ីរី ដោយដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋឥស្លាម។ ប៉ុន្តែជំហររបស់ខ្លួនកាន់តែចុះខ្សោយ នៅពេលដែលប្រធានាធិបតី លោក Donald Trump បានសាងនូវទំនាក់ទំនងជិតស្និទ្ធជាមួយលោក Sharaa ដែលជាអតីតមេបញ្ជាការរបស់ក្រុមអាល់កៃដា ដែលឥឡូវនេះបាននាំប្រទេសស៊ីរីស្ទើរតែទាំងអស់ឲ្យត្រឡប់មកស្ថិតក្រោមអំណាចរបស់ទីក្រុងដាម៉ាសវិញ៕