មន្ត្រីម្នាក់ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន AFP បាននិយាយកាលពីថ្ងៃសៅរ៍ថា មន្ត្រីសន្តិសុខយ៉ាងហោចណាស់ ១០នាក់ និង យុទ្ធជន ៣៧នាក់ ត្រូវបានសម្លាប់ ខណៈការវាយប្រហារ «សម្របសម្រួល» ត្រូវបានបើកដោយក្រុមសកម្មប្រយុទ្ធបំបែកខ្លួន ដែលមានទំនាក់ទំនងជាមួយកងទ័ពរំដោះ Balochistan (BLA) នៅទូទាំងទីក្រុងជាច្រើននៃខេត្ត Balochistan ភាគនិរតីប្រទេសប៉ាគីស្ថាន។
ការវាយប្រហារនៅក្នុងរដ្ឋធានី Quetta នៃខេត្តនេះ បានចាប់ផ្តើម នៅម៉ោងប្រហែល ៦ ព្រឹក ជាមួយនឹងការផ្ទុះដ៏ខ្លាំងក្លា បន្ទាប់មកមានការបាញ់ប្រហារយ៉ាងខ្លាំងដែលមានរយៈពេល ពីរម៉ោង រួមជាមួយនឹងការផ្ទុះជាច្រើនដង។
ប្រជាជននៅទីក្រុងDalbandin និង Nuhski បាននិយាយថា ពួកគេបានឮសំឡេងផ្ទុះ និងការបាញ់ប្រហារនៅក្នុងសង្កាត់នានា កាលពីព្រឹកថ្ងៃសៅរ៍ ខណៈពេលដែលមានរបាយការណ៍អំពីការវាយប្រហារស្រដៀងគ្នានេះ នៅក្នុងទីក្រុង Mastung, Gwadar, Pasni និង Turbat។
មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន Arab News ថា ក្រុមសកម្មប្រយុទ្ធបានព្យាយាមចូលទៅក្នុងរដ្ឋធានី Quetta របស់ខេត្ត Balochistan ប៉ុន្តែនគរបាល និងភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀត បានឃាត់ពួកគេមិនឲ្យចូល៕