
លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសៅរ៍ ៣១ មករា ថា អ៊ុយក្រែនកំពុងរង់ចាំព័ត៌មានបន្ថែមពីសហរដ្ឋអាមេរិកអំពីកិច្ចចរចាសន្តិភាពបន្ថែមទៀត ហើយរំពឹងថានឹងមានកិច្ចប្រជុំថ្មីនៅសប្តាហ៍ក្រោយ។
សេចក្តីថ្លែងការណ៍របស់លោក Zelenskyy ក្នុងអំឡុងថ្លែងសុន្ទរកថាតាមវីដេអូពេលយប់របស់លោកហាក់ដូចជាបង្ហាញថា កិច្ចប្រជុំដែលគ្រោងធ្វើនៅថ្ងៃអាទិត្យ១កុម្ភៈនេះនៅអារ៉ាប់រួមរវាងតំណាងអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក នឹងមិនកើតឡើងទេ។ ភាគីទាំងបីបានធ្វើកិច្ចចរចាមួយជុំកាលពីមួយសប្តាហ៍មុន។
លោក Zelenskyy បាននិយាយថា ពួកលោកតែងតែទាក់ទងជាមួយភាគីអាមេរិក ហើយរំពឹងថានឹងមានព័ត៌មានលម្អិតជាក់លាក់ពីពួកគេទាក់ទងនឹងកិច្ចប្រជុំបន្ថែមទៀត។
លោកថាអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការគ្រប់ទម្រង់ការងារទាំងអស់។ វាជារឿងសំខាន់ដែលមានលទ្ធផល និងកិច្ចប្រជុំនឹងកើតឡើង។ ពួកលោកកំពុងរំពឹងថានឹងមានកិច្ចប្រជុំនៅសប្តាហ៍ក្រោយ ហើយកំពុងរៀបចំសម្រាប់ជំនួបទាំងនោះ។
លោក Steve Witkoff បេសកជនសហរដ្ឋអាមេរិកបានដឹកនាំក្រុមតំណាងចូលរួមកិច្ចចរចានៅរដ្ឋ Florida កាលពីថ្ងៃសៅរ៍ ៣១មករា ជាមួយបេសកជនវិមានក្រឹមឡាំង លោក Kirill Dmitriev ហើយបានហៅការពិភាក្សានោះថាប្រកបដោយផ្លែផ្កា និងស្ថាបនា៕


