រដ្ឋមន្ត្រីការបរទេសនៃអេមីរ៉ាតអារ៉ាប់រួម ទួរគី អេហ្ស៊ីប ហ្ស៊កដានី ឥណ្ឌូនេស៊ី ប៉ាគីស្ថាន អារ៉ាប៊ីសាអ៊ូឌីត និងកាតា កាលពីថ្ងៃអាទិត្យ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរំលោភបំពានបទឈប់បាញ់ម្តងហើយម្តងទៀតរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា។

រដ្ឋមន្ត្រីទាំងអស់បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា៖«សកម្មភាពទាំងនេះ ប្រឈមនឹងភាពតានតឹងកាន់តែខ្លាំងឡើង និងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដែលមានគោលបំណងពង្រឹងភាពស្ងប់ស្ងាត់ និងស្តារស្ថិរភាពឡើងវិញ» ដោយបន្ថែមថា ការប្តេជ្ញាចិត្តពេញលេញចំពោះដំណាក់កាលទី២ នៃបទឈប់បាញ់ គឺមានសារៈសំខាន់ណាស់។
ពួកគេបានជំរុញឲ្យគ្រប់ភាគីទាំងអស់គោរពការទទួលខុសត្រូវយ៉ាងពេញលេញក្នុងអំឡុងពេលដ៏សំខាន់នេះ អនុវត្តការអត់ធ្មត់អតិបរមា ដើម្បីរក្សាបទឈប់បាញ់ ជៀសវាងសកម្មភាពណាមួយ ដែលអាចបំផ្លាញ ដំណើរការដែលកំពុងបន្ត និងបង្កើតលក្ខខណ្ឌអំណោយផលដល់ការស្តារ និងការកសាងតំបន់នេះឡើង វិញ។
រដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការជំរុញសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង ដោយផ្អែកលើសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងការសម្រេចចិត្តដោយខ្លួនឯង និងភាពជារដ្ឋ ស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលពាក់ព័ន្ធ។
នាព្រឹកថ្ងៃអាទិត្យ លោក Ali Abdel Hamid Shaath ប្រធានគណៈកម្មាធិការជាតិបច្ចេកទេសប៉ាឡេស្ទីនសម្រាប់រដ្ឋបាលហ្កាហ្សា (NCAG) បានអំពាវនាវឲ្យមានការប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះបទឈប់បាញ់ដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា៕
