ក្រុមហ៊ុនអាកាសចរណ៍ជាតិស៊ូដង់ Sudan Airways បានដំណើរការជើងហោះហើរពាណិជ្ជកម្មក្នុងស្រុកកាលពីថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ដែលបានទៅដល់ពីទីក្រុងកំពង់ផែ Port Sudan ជាជើងហោះហើរដំបូង ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមកាលពីខែមេសា ឆ្នាំ២០២៣។ វាគឺជាជើងហោះហើរលក់សំបុត្រធម្មតាលើកដំបូងទៅកាន់រដ្ឋធានី ចាប់តាំងពីការបើកដំណើរការអាកាសយានដ្ឋានដំបូងកាលពីឆ្នាំមុន។
ជើងហោះហើរតែ១លើកដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Badr Airlines បានចុះចតនៅអាកាសយានដ្ឋាន Khartoum ក្នុងខែតុលា ឆ្នាំមុន បន្ទាប់ពីការពន្យារពេលដោយសារតែការវាយប្រហារដោយយានដ្រូន។ អាកាសយានដ្ឋាននៅកណ្តាលរដ្ឋធានីស៊ូដង់ ត្រូវបានកំណត់គោលដៅនៅពេលចាប់ផ្តើមសង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ដែលបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរដល់អគាររបស់អាកាសយានដ្ឋាន និងបញ្ឈប់ជើងហោះហើរភ្លាមៗ។

បន្ទាប់ពីការដណ្តើមយកបានមកវិញទីក្រុង Khartoum កាលពីឆ្នាំមុន រដ្ឋាភិបាលដឹកនាំដោយកងទ័ពបានធ្វើឱ្យការជួសជុល និងចាប់ផ្តើមអាកាសយានដ្ឋានឡើងវិញជាអាទិភាពកំពូលមួយរបស់ខ្លួន ដើម្បីបង្ហាញពីការវិលត្រឡប់ទៅរកជីវិតធម្មតានៅក្នុងទឹកដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ អង្គការទេសន្តប្រវេសអន្តរជាតិនិយាយថា មនុស្សជាង១លាននាក់បានវិលត្រឡប់ទៅរដ្ឋធានីវិញ បន្ទាប់ពីមនុស្សរាប់លាននាក់បានចាកចេញក្រោមការកាន់កាប់របស់កងកម្លាំងគាំទ្ររហ័ស(RSF)។
